សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាច្រើន នៅលើជុំវិញពិភពលោក បានកាត់បន្ថយការជ្រើសរើសមន្ត្រីរាជការ តែរើសមន្ត្រីកិច្ច សន្យា ដើម្បីធ្វើកិច្ចការងារ ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានណែនាំឱ្យមានការជ្រើស រើស មន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានថ្លែដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីរើសមន្ត្រីថ្មី មន្ត្រីកិច្ចសន្យា ដោយថា យើងគួរកែនិយមន័យ មន្ត្រីកិច្ចសន្យា កុំឱ្យមន្ត្រីកិច្ចសន្យា គឺផ្ដោតតែមន្ត្រីរដ្ឋបាល ឬជំនួយការតូចតាច ត្រូវបើកច្រកដល់មន្ត្រីកិច្ចសញ្ញាជំនាញផង ។ បើគាត់មានបណ្ឌិត គាត់មានសញ្ញាបត្រផ្សេងៗ គឺគាត់អាចចូលមកជួយរាជរដ្ឋាភិបាលបាន ។

សម្ដេចបានបន្តថា ការរៀបចំក្របខណ្ឌបៀរវត្ស គឺត្រូវឱ្យស៊ីសង្វាក់គ្នា ។ ឧទហរណ៍ ៖ នៅមណ្ឌលសុខភាព បើសិនជាយកមន្ត្រីកិច្ចសន្យា យើងត្រូវមើលថា បើគាត់ជំនាញជាគិលានុបដ្ឋាក ធ្វើការដូចគេដូចឯង ចឹងឱ្យប្រាក់ខែគាត់ អត្ថប្រយោជន៍ដូចគេទៅ ។ កុំគិត ៧០ភាគរយអី ។ យកវិធីសាស្ត្រនេះ មានភាពបទបែន ហើយយើងអាចបើកច្រក មនុស្សច្រើន ព្រោះខ្ញុំចាំពេលកូវីដ យើងខ្វះពេទ្យ យើងរៀបចំនៅភ្នំពេញ សម្ដេចតេជោ បានអនុញាតិឱ្យរើសពេទ្យជាង ៣០០០នាក់ ហើយដល់ពេលយើងរៀបមណ្ឌលសុខភាពនៅតាមខេត្ត គឺនៅតែខ្វះ ដោយពេលនោះ យើងបើកឱ្យអ្នកស្ម័គចិត្តចូល ទើបយើងបានឃើញថា មានអ្នកដែលមានសញ្ញាបត្រ មានលទ្ធភាព ជាពេទ្យ គ្រាន់តែគាត់អត់ក្របខណ្ឌ ក៏គាត់អាចមកចូលធ្វើការបាន ។

សម្ដេចថា នេះជាទម្រង់ការវិឌ្ឍន៍ នៃពិភពលោក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា នៅប្រទេសច្រើនណាស់ គេកាត់បន្ថយនូវមន្ដ្រីរាជការក្របខណ្ឌ រួមទាំងកងទ័ព ដោយការងារមួយចំនួន ផ្អែកទៅលើការកុងត្រាកិច្ចសន្យា។ សូម្បីតែកងទ័ពនៅអាមេរិក និងនៅអូស្ដ្រាលី ការងារមួយចំនួន គេលែងប្រើទ័ពទៀតហើយ គឺគេប្រើក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានប្រាប់ឲ្យពិនិត្យលទ្ធភាព ក្នុងការជ្រើសរើសបែបនេះ ។ សម្តេច ថា លោកគ្រូ-អ្នកគ្រូ នៅតាមមូលដ្ឋាន អត់ត្រូវចាំបាច់ ទាល់តែមានក្របខណ្ឌពេញ បានមានសិទ្ធិនោះទេ ត្រូវផ្ដល់សិទ្ធិ និងផ្ដល់ឱកាសឲ្យភ្ជាប់គ្នា គឺត្រូវប្រើរូបមន្ដ ការគិតគូរបែបនេះ ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើបើកក្របខណ្ឌបែបនេះ គឺអាចរើសអ្នកជំនាញចូលទៅក្នុងមន្ដ្រី ដែលធ្វើការងារជំនាញ ដោយក្នុងក្របខណ្ឌជាបុគ្គលិកកិច្ចសន្យាជំនាញ រយៈពេល៥ឆ្នាំតែម្ដង ដោយគិតអត្ថប្រយោជន៍ជូនគាត់ ។

សម្ដេចបន្ថែមថា ចំពោះមន្ត្រីចូលនិវត្តិន៍ យើងអាចកុងត្រគាត់មកវិញ ហើយគិតបៀរវត្សក្នុងកម្រិតណាមួយ ព្រោះយើងស្ដាយ ។ សម្ដេចថា កន្លងមក សម្ដេចធ្លាប់ធ្វើកិច្ចការនៅក្នុងកងទ័ពមួយចំនួនដែរ នាយទាហាន ដែលដល់អាយុចូលនិវត្តន៍ ប៉ុន្តែគាត់មានជំនាញ ប្រមាណ ៣០, ៤០ឆ្នាំ អញ្ចឹងយើងបានកុងត្រាគាត់មកវិញ ជួយសរសេរមេរៀនទុកឱ្យសិស្ស ហើយជួនកាលចុះបង្រៀនទៀត ។ ដូច្នេះ យើងគិតគូក្របខណ្ឌថ្មី ហើយពេលនោះយើងអត់ខ្វះមនុស្សទេ ហើយបើទោះបី ២០ឆ្នាំទៅមុខទៀត យើងមានមន្ត្រីក្របខណ្ឌតិចក៏ដោយ តែយើងមិនខ្វះមនុស្សទេ ព្រោះវិធីសាស្ត្រ នៃការរើសមន្ត្រី តាមរយៈការបំពេញមន្ត្រីកិច្ចសន្យាជំនាញនេះ គឺយើងអាចដោះស្រាយបានលើបញ្ហានេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner