អ្នកនាំពាក្យគ.ជ.ប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិ ទៅរលូនល្អ និងរំពឹងថា ការបញ្ចប់ទៅល្អប្រសើរ
ភ្នំពេញ៖ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុខសន្តិភាព ហើយរំពឹងថារហូតដល់ការបញ្ចប់ការបោះឆ្នោតនេះ នឹង ប្រព្រឹត្តទៅ ល្អប្រសើរ។នេះជាការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រាប់បណ្តាញសារព័ត៌មាននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងរាជធានី ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា ចាប់ពីម៉ោង៧ព្រឹក ការិយា ល័យ បោះឆ្នោតទូទាំងប្រទេសបានបើកដំណើរការចំពេលវេលា ទាំង៣៣ ការិយាល័យ។ ពោលគឺគ្រប់ទាំង៨មណ្ឌលតែម្តង។ជាមួយគ្នានេះ គេក៏ឃើញថា អង្គបោះឆ្នោតមកពីសមាជិកសភា និងសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបបានមកកាន់ ការិល័យ បោះឆ្នោតតម្រង់ ជួរជាស្រេចដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោត។
លោកបន្តថា ការបោះឆ្នោតនេះស្ថិតនៅក្រោមការឃ្លាំ មើលអ្នកសង្កេត ការណ៍ជាតិប្រមាណ៧៦០ និងអន្តរជាតិ៣០នាក់។ក្នុងនេះ ក៏មានភ្ញៀវ ពិសេស៣នាក់ផងដែរដែលមកពីប្រទេសចិន និងជប៉ុន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណបក្សនយោបាយក្នុងពេលនេះ បាន យកចិត្តទុកដាក់ខ្លាំងក្នុងដំណើរការបោះឆ្នោត។ក្រៅពី នេះក៏មានអ្នក សារព័ត៌មានដែលបានចុះឈ្មោះនិងទទួលស្គាល់ដោយគ.ជ.ប ទាំង ៣៣១ នាក់ ក្នុងនេះអ្នក សារព័ត៌មាន ជាតិចំនួន ៣០៦នាក់និង អ្នក សារព័ត៌មានអន្តរជាតិចំនួន២៥នាក់។
ឯកឧត្តមហង្ស ពុទ្ធា បន្តថា បើតាមការរំពឹងទុកគឺក្រោយបើកដំណើរ ការ៣ម៉ោងអាចនឹងត្រូវបញ្ចប់ ។តែទាំងអស់នេះវាមិន អាស្រ័យ យើង រំពឹងទេគឺវាអាស្រ័យទៅលើសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ដែល មានឈ្មោះក្នុងការិយាល័យបោះឆ្នោត ទាំងអស់មកបាន គ្រប់គ្នា។តាមនីតិវិធីនោះនៅពេលបញ្ចប់ការិយាល័យបោះឆ្នោត យើងរៀប ទៅជាការិយាល័យរាប់សន្លឹកឆ្នោតវិញ”។
ឯកឧត្តមបញ្ជាក់បន្ថែមថា នៅការិយាល័យព្រះស៊ីសុវត្ថិនេះ មាន អង្គបោះឆ្នោត៩១១នាក់។ចែកចេញជាពីរការិយាល័យ។

បើគេក្រឡេកមើលទិដ្ឋភាពទូទៅនៅក្នុងនិងក្រៅបរិវេណការិយាល័យបោះឆ្នោតវិញ ឃើញថា មានសណ្តាប់ធ្នាប់ សុខសន្តិភាព ហើយនិង មានកិច្ចសហការល្អពីអាជ្ញាធរដែនដី គណៈចិន្ត្រៃយ៍សន្តិសុខសម្រាប់ ការបោះឆ្នោត និងមន្រ្តីគ.ជ.ប ,តំណាងគណបក្ស នយោបាយ ក៏ឃើញវត្តមានតាមការិយាល័យនេះដែរ។អ្វីៗប្រព្រឹត្តិទៅដោយរលូន ហើយរំពឹងថា រហូតដល់ការបញ្ចប់ការ បោះឆ្នោត នេះក៏ជឿថា នឹងមាន សភាពប្រព្រឹត្តិទៅល្អប្រសើរដែរ។ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ នៅការិយាល័យ បោះឆ្នោតចំនួន ៣៣ នៃ៨ ភូមិភាគ។ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោត អសកល ដែលអ្នកបោះឆ្នោត និងអង្គ បោះ ឆ្នោតគឺ ជាតំណាងរាស្រ្តនៅក្នុងតំណែង ចំនួន១២៥រូប(គណបក្សប្រជាជនកម្ពុជា ១២០រូបនិង គណបក្ស ហ្វុនស៊ិនប៉ិច ៥រូប)និងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែង ចំនួន១១ ៦២២រូប៕


អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖ លោក គ្រី សម្បត្តិ