អ៊ីស្រាអែលប្តេជ្ញាបន្តប្រយុទ្ធនឹងក្រុម Hezbollahទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ

ហ៊្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅថ្ងៃអាទិត្យ និយាយថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាក៏ដោយ អ៊ីស្រាអែលនៅតែបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Hezbollah របស់ប្រទេសលីបង់។

លោក Gallant បាននិយាយនៅក្នុងសារជាវីដេអូមួយថា បើសិនអ្នកណាគិតថា នៅពេលដែលយើងឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅភាគខាងត្បូង និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា វានឹងអាចជួយបន្ធូរបន្ថយការប្រយុទ្ធនឹងក្រុមហេសបូឡា នោះពួកគេកំពុងតែយល់ខុសហើយ។

លោក Gallant បន្ថែមថា គោលបំណងរបស់អ៊ីស្រាអែល គឺដើម្បីធានាថា ក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក មិនបង្កការគំរាមកំហែងចេញពីតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់។ លោក Gallant ក៏បានព្រមានដែរថា ប្រសិនបើដំណោះស្រាយការទូតចំពោះស្ថានការណ៍នេះមិនអាចទៅរួចនោះទេ យើងនឹងធ្វើវាដោយកម្លាំង។

លោក Gallant បានចុះទស្សនកិច្ចទីបញ្ជាការភាគខាងជើងរបស់យោធានៅទីក្រុង Safed ដែលរងការវាយប្រហារកាលពីដើមខែនេះ ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធចេញពីភាគខាងត្បូងប្រទេសលីបង់ ដែលបានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់។

ចាប់តាំងពីពេលនោះមក មានការផ្លាស់ប្តូរការបាញ់ប្រហារឆ្លងព្រំដែនស្ទើរតែរាល់ថ្ងៃរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស គឺក្រុមហេសបូឡា នៅតាមព្រំដែនជាមួយប្រទេសលីបង់ ដែលបង្កឱ្យមានការភ័យខ្លាចជម្លោះកាន់តែរីកធំឡើងក្នុងតំបន់។ ទាំងក្រុមហាម៉ាស់ និងក្រុមហេសបូឡា សុទ្ធតែមានអ៊ីរ៉ង់ជាខ្នងបង្អែក។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ទាហានអ៊ីស្រាអែលចំនួន១០នាក់ និងជនស៊ីវិលចំនួន៦នាក់ត្រូវបានសម្លាប់ដោយសារសកម្មភាពអរិភាពនៅភាគខាងជើង។ ចំណែកនៅខាងលីបង់វិញ មនុស្សយ៉ាងហោចណាស់ ២៧៦នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាយុទ្ធជនហេសបូឡា ប៉ុន្តែក៏មានជនស៊ីវិល ៤៤នាក់ដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner