រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើរដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ច សហការ ល្អ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹង ធម្មជាតិ ខ្នាតតូច
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានស្នើដល់ ឯកឧត្តមអភិបាលខេត្ត តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ក្នុងការចុះពិនិត្យ និងអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ហួត ហាក់ បានស្ន់ឡើងបែបនេះ ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញសរុបចំនួន ៤៥ រូប ។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបន្ត បន្ទាប់ពីក្រសួងអធិការកិច្ច បានរៀបចំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់ កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ នៅទីស្តីការក្រសួងអធិការកិច្ច ដើម្បីពិភាក្សា និងស្វែងយល់បន្ថែមអំពីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ព្រមទាំងផលប៉ះពាល់បរិស្ថាន សង្គម និងសុវត្ថិភាពនៃគម្រោងនេះ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូបានចុះពិនិត្យមើលទីតាំងជាក់ស្តែងនៃគម្រោងខាងលើ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរមានសមត្ថកិច្ចទាំងអស់ ៕




ដោយ ៖ ហេង សម្បត្តិ