ជំរុញសហគមន៍កសិកម្មជាំសង្កែរុងរឿង លើការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

កំពង់ស្ពឺ៖អាជ្ញាធរស្រុកភ្នំស្រួចបានលើកទឹកចិត្តដល់ សហគមន៍ កសិកម្ម ជាំសង្កែរុងរឿង ស្ថិតនៅភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ឱ្យខិតខំបន្តពង្រឹងការងារដាំដុះបន្លែនានា និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ។

បច្ចុប្បន្នដំណាំបន្លែធម្មជាតិ និងមាន់ស្រែដែលកសិករដាំនិងចិញ្ចឹម នៅ សហគមន៍ កំពុងទទួលបាននូវការគាំទ្រពីអតិថិជន។ ដោយមើល ឃើញ ដូច្នេះក្រសួង មន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី និងអង្គការ ដៃគូ បានខិតខំស្វះស្វែងរកទីផ្សារ និងជំរុញ ឱ្យសហគមន៍ទាំងអស់ខិតខំ ផលិត។ បង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ រាល់ថ្ងៃ។ ពិសេសជាង នេះគឺដើម្បី បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងពង្រីកសហគមន៍ឱ្យកាន់តែរីកចម្រើន។

ខេត្តកំពង់ស្ពឺ ក្នុងស្រុក-ក្រុងទាំង៩ មានសហគមន៍ ចំនួន៥៧ ដែល កំពុងដាំដុះដំណាំសរីរាង្គ និងចិញ្ចឹម សត្វ ហើយក៏គ្រោងបង្កើតឱ្យ មាននៅតាមបណ្តាឃុំ សង្កាត់ ទាំង៨៨ នៅទូទាំងខេត្តកំពង់ស្ពឺ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មជាំសង្កែរុងរឿងឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុ សំអឿន អភិបាលរងស្រុកភ្នំស្រួចបានលើកទឹក ចិត្តដល់ប្រជាសហគមន៍ទាំងអស់ ឱ្យជំរុញការផលិត បន្ថែមទៀត ជាមួយត្រូវដាក់ផែនការផលិតឱ្យបានច្បាស់លាស់។ តាមដាននិង ពិនិត្យទៅលើតម្រូវការទីផ្សារ ចៀសវាងការផលិតច្រើន លើសតម្រូវ ការធ្វើឱ្យធ្លាក់តម្លៃ។ ពិសេសត្រូវជ្រើសរើសមុខរបរណាដែលសមស្រប នឹងទីផ្សារ ។

ទាក់ទងនឹងការជ្រើសរើសគណៈគ្រប់គ្រងសហគមន៍លោកអភិបាលរងស្រុកបានស្នើឱ្យជ្រើសរើសប្រកបដោយការពិចារណាត្រឹមត្រូវ ចំពោះ អ្នកមានចំណេះដឹងពិតប្រាកដនៅក្នុងការដឹកនាំនិងស្វែងរកទីផ្សារសម្រាប់សហគមន៍របស់ខ្លួនប្រកបដោយគណនេយ្យភាព និងមាន តម្លាភាព ប្រសិទ្ធិភាព ដើម្បីផ្តល់ទំនុកចិត្តមកលើសមាជិកសហគមន៍ឱ្យ មានការរីកចម្រើន៕
ដោយ៖ម៉ុន សំអាត

ads banner