រាជរដ្ឋាភិបាលប្រកាសថ្ងៃទី២៧កុម្ភៈ ជាថ្ងៃកាន់ទុក្ខព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថ្ងៃទី២៧កុម្ភៈ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការចូលទីវង្គតសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

សារាចរណែនាំចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ «គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ នៅថ្ងៃទៅ២៧ កុម្ភៈ ឆ្នាំ២០២៤។

សារាចរណែនាំ បានសរសេរទៀតថា «គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៤។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះជន្ម៩៣ព្រះវស្សា បានចូលព្រះទីវង្គត នាល្ងាចថ្ងៃចន្ទទី២៦កុម្ភៈ។

ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសំណេរតាមហ្វេសប៊ុកជាផ្លូវការមួយរបស់ព្រះអង្គ បានមានព្រះរាជបន្ទូលថា «សូមក្រាបថ្វាយព្រះរាជកុសលថ្វាយសម្តេចអគ្គព្រះមហាសង្ឃរាជរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមស្តេចយាងគង់ប្រថាប់ក្នុងទីស្ថានព្រះបរមសុខ»។

ព្រះសពរបស់ព្រះអង្គត្រូវបានតម្កល់ទុកក្នុងឧណ្ណាលោម ដើម្បីធ្វើបុណ្យទក្ខិនុប្បទានឧទ្ទិស ព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែរ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

កាលបរិច្ឆេទ្ធនៃព្រះរាជពិធីថ្វាយព្រះភ្លើង នៅមិនទាន់បានកំណត់ថ្ងៃណាមួយនៅឡើយទេ។ កាលបរិច្ឆេទ្ធនោះ នឹងត្រូវគេជួនដំណឹងនាពេលក្រោយ។

ads banner