មន្ត្រីគជប៖ ការត្រូតពិនិត្យលទ្ធផលបោះឆ្នោត មិនបានឃើញកំហុសកើតឡើងឡើយ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្នុងការបញ្ជាក់ភាពត្រឹមត្រូវ នូវលទ្ធផលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងបានបញ្ជាក់ថា «ក្រុមត្រួតពិនិត្យមិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយ» ឡើយ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥កុម្ភៈ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា, គណបក្ស ឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។

យោងតាមការប្រកាសលទ្ធផលបឋម, គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ក្នុងមណ្ឌលភូមិភាគទាំង៨ នូវសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេង ដែលនឹងរំពឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។

គណបក្សដែលទទួលបានអសនៈក្នុងការបោះឆ្នោតនោះដែរ គឺគណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ ១ពាន់ ៣៩៤សំឡេង និងរំពឹងថា ទទួលបានចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ។

មន្ត្រីគជប នៅក្នុងថ្ងៃទី២៧ដែលមានការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនេះ បានប្រាប់បណ្តាញសារព័ត៌មាន ជុំវិញកិច្ចការដែលបាន និងកំពុងធ្វើដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មានរបស់គជបថ្ងៃទី២៧កុម្ភៈ បានសរសេរថា «ជាលទ្ធផលក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផល សំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ» ឡើយ។

ads banner