សម្តេចធិបតីគ្រោងចូលរួមពិធីបុណ្យទន្លេខេត្តសៀមរាបជាលើកដំបូង (Video Inside)
បុណ្យទន្លេជាលើកដំបូងក្នុងខេត្តសៀមរាប ដែលជិតមកដល់ក្នុងពេលខាងមុខនេះ នឹងអញ្ជើញចូលរួមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ។ បុណ្យទន្លេលើកទី៨ ដែលត្រៀមនឹងរៀបចំធ្វើនៅតាមដងស្ទឹងសៀមរាប នឹងប្រារព្ធធ្វើឡើងរវាងពីថ្ងៃទី១៦ ដល់១៧ មីនា ឆ្នាំ២០២៤។
គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ បានថ្លែងថា ក្នុងរយៈពេល២ថ្ងៃ នៃការរៀបចំនោះ នឹងមានការសម្តែងសិល្បៈ, ការប្រគុំតន្ត្រីដែលនឹងចូលរួមពីសិល្បករ និងសិល្បការីនីជាតិ និងអន្តរជាតិល្បីៗ, មានការដុតកាំជ្រួច, ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ, មានមហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកំសាន្តនានាជាច្រើនដទៃទៀត។
បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែងឆ្នាំ២០១៧, នៅក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០១៨, នៅកំពង់ឆ្នាំង ឆ្នាំ២០១៩, នៅបាត់ដំបង ឆ្នាំ២០២០, នៅកំពង់ធំ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប។