សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាល បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី មួយថ្ងៃ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាល បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី មួយថ្ងៃ ប្រកបដោយជោគជ័យ ហើយបានវិលត្រឡប់មកដល់មាតុភូមិវិញ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សូមជម្រាបថា ទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសទាំងពីរមានសុទិដ្ឋិនិយមកាន់តែខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែឈានឡើងបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាផលប្រយោជន៍សម្រាប់តំបន់ និងពិភពលោកទាំងមូល។

ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាង អធិកអធម ដោយឥស្សរជនជាន់ខ្ពស់ម៉ាឡេស៊ី អមដោយកងកិត្តិយសនៅអាកាសយានដ្ឋានអន្តរជាតិ BUNGA RAYA COMPLEX មុននឹងទទួលការស្វាគមន៍ដោយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចប្រជុំទ្វេភាគី។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការ ស្វាគមន៍និងពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងមេដឹកនាំប្រទេសទាំងពីរជាបន្តបន្ទាប់។

ភាគីទាំងពីរក៏បានបង្ហាញសុទិដ្ឋិនិយមដូចគ្នាថា តាមរយៈទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកម្ពុជាកាល ពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ និងទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំង ពីរនឹងកាន់តែរឹងមាំរីកចម្រើនបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីកន្លងមក និងបានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ ឧស្សាហកម្មអាហារហាឡាល់ ការងារ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ភាគីទាំងពីរក៏បាន ពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាខេត្តសៀមរាបជាដើម។ ជាការកត់សម្គាល់ នៅក្នុងវិស័យការពារជាតិ ភាគីទាំងពីរ បានឯកភាពបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និង ការធ្វើលំហាត់រួមគ្នា ព្រមទាំងបានឯកភាពគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី និងបានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

នាឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចធិបតី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលក្រាបថ្វាយបង្គំគាល់ ព្រះចៅ SULTAN IBRAHIM IBNI ALMARHUM SULTAN ISKANDAR ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រះបរមរាជវាំង ISTANA NEGARA និងបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DATUK MULTANG TAGAL ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម YB TAN SRI DATO JOHARI BIN ABDUL ប្រធានរដ្ឋសភាម៉ាឡេស៊ី។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី។ អនុស្សរណៈនេះមានវិសាលភាពគ្របដណ្តប់លើទម្រង់ជាច្រើនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់ បញ្ចូលទាំងការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាម QR Code ក្នុង នោះរួមទាំងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ីអាចទូទាត់ដោយស្តែន QR Code នៅប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចទូទាត់ដោយស្ទែន QR Code នៅប្រទេសម៉ាឡេស៊ីបានដូចគ្នា ដោយប្រើប្រាស់ រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់។ អនុស្សរណៈនេះ ក៏នឹងជួយគាំទ្រដល់យន្តការនៃកិច្ចសហការត្រួតពិនិត្យការ ទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។

ជាមួយវិស័យឯកជនវិញ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី។ វេទិកានេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង ៤០០នាក់។

នាឱកាសនោះ សម្តេចធិបតី បានថ្លែងសុន្ទរកថាដោយបញ្ជាក់អំពី សក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពអំណោយផលនៃច្បាប់ វិនិយោគ ព្រមទាំងគោលនយោបាយគាំពារនិងលើកទឹកចិត្តនានា។ ជាការកត់សម្គាល់ ប្រធានសភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិម៉ាឡេស៊ី បានគោរពជូន សម្តេចធិបតី នូវសំណូមពរចំនួន ៣ រួមមាន ទីមួយ-គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទីពីរ-គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទីបី-គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។

សម្តេចធិបតី បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង ៣ នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ នេះតែម្តង។

សម្តេចធិបតី ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សភា ពាណិជ្ជកម្មនិងឧស្សាហកម្មជាតិម៉ាឡេស៊ី និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ សម្តេចធិបតី បានទទួលជួបប្រធាននិងជានាយកប្រតិបត្តិធនាគារ MAYBANK ដែលជាធនាគារបានចាប់ផ្តើមសកម្មភាពធុរកិច្ចនៅ កម្ពុជាតាំងពីឆ្នាំ១៩៩៣។

សូមបញ្ជាក់ដែរថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់ សម្តេចធិបតី ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយ ហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។

ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងទំនាក់ ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានិងម៉ាឡេស៊ីបានបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសទស្សនកិច្ចនេះបានបើកទំព័រថ្មីផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានទំហំធំឡើងជាលំដាប់៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner