សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញៈ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យសំណើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។

របៀបវារៈ ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានដូចជា ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈទី២ ទី៣ របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង ២៧៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិ ភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិង ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកប ដោយយុត្តិធម៌ សមធម៌និង តម្លាភាពសម្រាប់ បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅ ក្នុងដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនជលផល។ នៅឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោក បានអនុម័តវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដោយបញ្ចូលនូវកិច្ចព្រមព្រៀងស្ដីពី ការឧបត្ថម្ភធនជលផល។ គោលបំណង នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋ សមាជិកនីមួយៗ តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការ ឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចំបងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រសកលលោក។ ក្នុងនាមជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការអនុម័តយល់ព្រមលើពិធី សារនេះរបស់កម្ពុជា គឺជាការបង្ហាញនូវឆន្ទៈចូលរួម សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន បញ្ញត្តិ និងទប់ស្កាត់ការនេសាទហួសកម្រិត។ កម្ពុជា ក៏នឹងទទួលអត្ថប្រយោជន៍ផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិរក្សជលផលសមុទ្រផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner