ព័ត៌មានបណ្តាញសង្គមដែលថាករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ជាព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះឱ្យដឹងថា៖សម្រាប់ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា«ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ ។
ជាមួយការលើកឡើងបែបនេះ ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់ដែរ “យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារណមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ”។
គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ២ថ្ងៃមកនេះក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបន្តនាំគ្នាចែកចាយពីបុរសម្នាក់បានតវ៉ារឿងដីធ្លីត្រូវបានគេប្រើស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ ។ ព័ត៌មាននេះកំពុងបន្តចែកចាយគ្នាព្រោតព្រាងដែលនាំឱ្យមានការយល់ច្រឡំយ៉ាងខ្លាំងក្នុងស្រទាប់ពលរដ្ឋ ៕

ដោយ ៖ ម៉ាដេប៉ូ