អាជ្ញាធរខេត្តបាត់ដំបងបញ្ជាក់ថា ករណីបាក់ស្រុតច្រាំងស្ទឹងសង្កែ មិនបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរទេ

បាត់ដំបង៖ថ្មីៗមានករណីបាក់ស្រុតច្រាំងបេតុងនៃស្ទឹងសង្កែក្នុង ក្រុង បាត់ដំបងទន្ទឹមនឹងមានហេតុការណ៍នេះកើតឡើងក៏មានការបញ្ចេញមតិយោបល់ជាច្រើនលើបណ្ដាញសង្គមផងដែរ។ឆ្លើយតបនឹងអ្វីដែលបាន និងកំពុងកើតឡើងនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថាករណីនេះមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ច្រាំងស្ទឹងដែលប្រាក់ ស្រុតស្ថិតក្នុងសុពលភាពការធានាក្នុងការជួសជុលថែទាំរបស់ក្រុមហ៊ុន។ដូចនេះក្រុមហ៊ុនត្រូវបន្តសិក្សាអំពីលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ ដើម្បីធានាគុណភាពឱ្យប្រសើរឡើងវិញចៀសវាងបន្តការខូចខាត នៅពេលខាងមុខទៀត។

លោក សុង ស៊ើងប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង បញ្ជាក់ ថា ករណី រអិលដីបង្កឱ្យបាក់ស្រុតនៅទីតាំងមួយចំនួនតាមបណ្ដោយដងស្ទឹងសង្កែកន្លងមកតែងតែកើតមានឡើងជាបន្តបន្ទាប់នៅពេលទឹកស្ទឹងសង្កែស្រកចុះ។លោកពន្យល់ថាដោយសារតំបន់ទាំងនោះ ភាគច្រើនជាដៃព្រែក ពី អតីតកាល ហើយការបាក់ស្រុតនេះវាអាចជួសជុលឡើងវិញបាន ដោយវា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ដោយឡែកតាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤រដ្ឋបាលខេត្ត បាត់ដំបងបានធ្វើការ ទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីធ្វើការសាងសង់នូវស្ថានីយបូមទឹក ឆៅ ទី៣ មួយកន្លែងទៀតនៅផ្នែក ខាងលើក្រុងបាត់ដំបងស្ថិតនៅភូមិ កំពង់ សីមា សង្កាត់វត្តគរដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ ផ្គង់រោងចក្រផលិត កម្មទឹកស្អាត ។
រដ្ឋបាលខេត្តបន្ថែមថា អ្វីដែលអាជ្ញាធរសោកស្ដាយគឺដោយសារតែបន្ទាប់ ពីធ្វើការទម្លាក់កម្ពស់ទឹករួចពិនិត្យឃើញថាកន្លែង ច្រាំងស្ទឹងផ្នែកខ្លះ ដែល អាជ្ញាធរទើបតែនឹងកសាងដើម្បីទប់ដីមាត់ច្រាំងស្ទឹងកុំឱ្យបាក់ បង្កការ ខូចខាតដល់ផ្លូវតាមដងស្ទឹងរួចថ្មីៗ រអិលបាក់ដីស្រុតច្រាំងដែល កន្លងមក ក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតយ៉ាងធ្ងន់ធ្ងរកន្លងមកនេះ។

សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានខិតខំសាងសង់ច្រាំង ស្ទឹង សង្កែ នេះឡើងក្នុងគោលបំណង ដើម្បីការពារពីការរអិលបាក់ស្រុតច្រាំង ស្ទឹង បង្កឱ្យមានការខូចខាតផ្លូវទីនោះនិងដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner