សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានបើកសន្និបាត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាត ដែលធ្វើឡើងរយៈពេល១ថ្ងៃ កន្លះ បានអនុញ្ញាតឱ្យស្ថាប័នជំនាញ របស់ក្រសួង លើកបង្ហាញសមិទ្ធផលការងារដែលសម្រេចបាន និងលើកបញ្ហាប្រឈមដើម្បីកែលំអ និងរកដំណោះស្រាយ ដើម្បីជាការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបានសមិទ្ធផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ។

ក្រសួងមហាផ្ទៃ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវការគោរពសិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

ការងារអន្តោប្រវេសន៍ ក៏ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងការគ្រប់គ្រងដំណើរចេញចូលប្រទេស និងការស្នាក់នៅរបស់ជនបរទេស រួមចំណែកធានាបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិ ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូល-ស្នាក់នៅខុសច្បាប់របស់ ជនបរទេសអន្តោប្រវេសន្ត ដែលកិច្ចការទាំងនេះ បានឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យការងារ និងវិស័យផ្សេងៗទៀត ។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសពាក់ព័ន្ធការរៀបចំកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមកម្រិតថ្នាក់នីមួយៗ កាន់តែមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការចំគោលដៅ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាប័ន្ន និងសមធម៌សង្គម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner