បង្រ្កាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ នេសាទ មួយកន្លែងនៅស្រុកស្នួល
ក្រចេះ៖ទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីដ៏ ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួលត្រូវបាន សមត្ថកិច្ចស្រាវជ្រាវរកឃើញនិងបង្រ្កាប កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។ម្ចាស់ទីតាំងឈ្មោះ សៀង សៀកត្រាយ ជាតិខ្មែរ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ប្រភពបញ្ជាក់ថា ជំនាញអធិការដ្ឋបាលជលផលមេគង្គ រួមជាមួយ កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងកែច្នៃក្បាលឆក់មួយកន្លែង នៅ ស្រុកស្នួល បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួច។ប្រតិបត្តិការបង្រ្កាប នេះដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក អភិបាល ស្រុកស្នួល កម្លាំងអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាល ប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ១.អាំងវែកទ័រឆក់ត្រីប្រភេទ ស្រូប និងក្តៅនាំចូលពីប្រទេសចិនចំនួន ២២គ្រឿង,អាំងវែកទ័រ កែច្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿងនិង ប្រអប់ឈើសម្រាប់កែច្នៃ អាំងវែកទ័រឆក់ត្រី ចំនួន ២៨០ប្រអប់។
វត្ថុតាងទាំងអស់ និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំមក ខណ្ឌ រដ្ឋបាលជលផលក្រចេះ ដើម្បីកសាងសំណុំឯកសារ បញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕




ដោយ៖លីពៅ