សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅយប់ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។

ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោក មកពីប្រទេសចំនួន២៥ប្រទេស សំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។

កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ ចំនួនពីរ រួមមាន៖ (១) ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី (២)សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។

ក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបសំខាន់ៗ ដែលក្នុងនោះមាន ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់ ប្រធានរដ្ឋសភាប៊ែលហ្ស៊ីក និងប្រធានរដ្ឋសភាតង់ហ្សានី ព្រមទាំងចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ ឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្រ្តីនៅលើពិភពលោក។

ក្រៅពីជំនួបពិភាក្សាការងារជាមួយប្រធានសភាជាស្រ្តី សម្តេចរដ្ឋសភាធិបតី ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ ដើម្បីជំរុញបន្ថែមវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង APF និងសភាកម្ពុជា។

គណៈប្រតិភូរដ្ឋសភាកម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង គណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាកម្ពុជា និងរដ្ឋសភាបារាំងផងដែរ៕

ដោយ ៖ ហេង សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner