អ្នកបាត់ដំបងនឹងមានរោងចក្រផលិតទឹកស្អាតទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាតប្រាំម៉ឺនម៉ែត្រគូប

បាត់ដំបង៖ ខេត្តបាត់ដំបងកំពុងដំណើរការរោងចក្រផលិតទឹកស្អាត ខ្នាត ធំជាងមុនដែលរោងចក្រផលិតទឹកស្អាត ទី៣។ក្រោយសាងសង់រួចរាល់រោងចក្រនេះមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតចំនួនប្រាំម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។បច្ចុប្បន្នការ ដ្ឋាន សាងសង់សម្រេចបានប្រមាណ៧០ភាគរយបន្ទាប់ពីបើកដ្ឋានកាលពីដើមឆ្នាំ២០២៣​ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

រោងចក្រផលិតទឹកស្អាតទី៣ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ដើម្បីសម្រួលដល់ការងារសាងសង់ស្ថានីយបូមទឹកឆៅនិងជួយ កាត់ បន្ថយផលប៉ះពាល់នានាក្នុងការពន្លឿនដល់ការសាងសង់រដ្ឋបាលខេត្តបានទម្លាក់កម្ពស់ទឹកស្ទឹងសងែ្កជាជំហានៗចាប់ពីកម្ពស់១០ម៉ែត្រមកនៅត្រឹម៦,៥០ម៉ែត្រក្នុងរយៈពេលបីខែដោយគិតចាប់ពីថ្ងៃទី១៥ខែកុម្ភៈរហូតដល់ថ្ងៃទី១៤ខែឧសភាខាងមុខ។

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានហៅរោងចក្រ ទឹក ស្អាតទី៣ជាប្រវត្តិសាស្រ្តនេះមិនធ្លាប់មានលើទឹកដីខេត្ត ។គម្រោងនេះមានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាតសម្រាប់ក្រុងបាត់ដំបង និងនៅតាមបណ្តាឃុំ នានា មួយចំនួនរបស់ស្រុកពីរ គឺ៖ស្រុកថ្មគោល និង ស្រុកសង្កែដែល មានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង។នេះជាការបង្ហាញពីការ ខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅ តាមទី ប្រជុំជន ឱ្យបាន ១០០ភាគរយនៅឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុត ក្លឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាអតិថិជនសូមចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុតក្នុង រដូវប្រាំងនេះនិងជួយសម្អាតអនាម័យបរិស្ថាននៅក្បែរប្រភពទឹកក្នុងករណីមានការលិចធ្លាយត្រូវរាយការណ៍បន្ទាន់មករដ្ឋាករទឹក ដើម្បីមន្រ្តី ជំនាញចុះអន្តរាគមន៍បានទាន់ពេលវេលា។

ឯកឧត្តមអគ្គនាយកក៏បានសំណូមពរដល់ប្រជាពលរដ្ឋអតិថិជនប្រើប្រាស់ទឹកនិងបណ្តាក្រុមហ៊ុននានានៅមុនពេលជីកកកាយដីសាងសង់អ្វីមួយត្រូវស្នើកិច្ចសហការជាមួយអង្គភាពរដ្ឋាករទឹកជាមុនសិនដើម្បីត្រួតពិនិត្យចៀសវាងជីកកកាយដីបង្កធ្វើឱ្យដាច់ធ្លាយបំពង់ ទុយោទឹកក្នុងដីប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុង។

សូមជម្រាបថា ពេលនេះអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងមានរោង ចក្រផលិតទឹកស្អាតចំនួនពីរទីតាំងដែលមានសមត្ថភាពផលិត បានចំនួន ៣៣ ៥២០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដើម្បីចែកចាយ ទៅកាន់ក្រុង-ស្រុកចំនួនបី រួមមាន ក្រុងបាត់ដំបង ស្រុកសង្កែនិង ស្រុកថ្មគោល។ការផ្គត់ផ្គង់ទឹកស្អាតនាពេលបច្ចុប្បន្ននេះសម្រេចបាន៨៥ភាគរយដែលតម្រូវឱ្យអង្គភាពស្វះស្វែងដៃគូសាងសង់រោងចក្រថ្មីមួយកន្លែងទៀតដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន១០០ភាគរយនៅឆ្នាំ២០២៥ខាងមុខ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner