រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ទើបមានអាយុ ៦ខែ ១០ថ្ងៃ អត់មានត្រូវការពេលដើរទេ កើតមកគឺរត់តែម្តង

ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ ទើបមានអាយុ ៦ខែ ១០ថ្ងៃ ក្នុងន័យនេះ រាជរដ្ឋាភិបាលថ្មី អត់មានត្រូវការពេលដើរទេ កើតមកគឺរត់តែម្តង ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង ១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយយុវជនបន្តវេន ហើយទើបនឹងចាប់កំណើតជាង៦ខែមកនេះ គឺត្រូវ «រត់» មិនមែនត្រូវការពេល «ដើរ»នោះឡើយ។ «រត់» ដែលសម្តេចបានលើកឡើងនេះ សំដៅទៅលើការខិតខំប្រឹងប្រែង ដើម្បីដឹកនាំកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍឱ្យបានលឿនបំផុត ដែលមិនមែនជាដំណើរធម្មតានោះឡើយ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រទេស ឱ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចធិបតី បានថ្លែងថា៖ កូនក្មេងនេះ អត់មានត្រូវការម្តាយមើលថែទេ កូនក្មេងនេះ កើតមក រត់ប្រុយតែម្តង អត់មានជម្រើស ព្រោះត្រូវអូសរទេះនេះទៅមុខ រទេះដែលដឹក ៤០ឆ្នាំ តាំងពីបាក់បែកដោយសារសង្គ្រាម កូនក្មេងនេះត្រូវអូស ព្រោះមនុស្សច្រើនណាស់ ១៧លាននាក់នៅក្នុងរទេះនេះ»។

សម្តេចថា ក្នុងការគិតគូរអំពីបញ្ហាជាតិ រាជរដ្ឋាភិបាល មិនអាចចោលសេដ្ឋកិច្ច មិនអាចចោលបញ្ហាសន្តិសុខ មិនអាចចោលសេវាជួយប្រជាពលរដ្ឋបានទេ។ លទ្ធផល ៦ខែមកនេះ ក្រោយការការរៀបចំការបោះឆ្នោត ជាកត្តាប្រវត្តិសាស្ត្រមួយ ដោយសារតែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ជាគណៈរដ្ឋមន្ត្រី។ ក្នុងចំណោមគណៈរដ្ឋមន្រ្តី មានតែលោក ហង្ស ជួនណារ៉ុន ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានរក្សាឱ្យដឹកនាំក្រសួងដដែល។

សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ជាប្រវត្តិសាស្ត្រតាំងពីដើមមក នៅកម្ពុជាឱ្យតែផ្លាស់ប្តូរថ្នាក់ដកនាំ តែងតែមានសង្គ្រាម។ សម្តេច បានរំលឹកអំពីការផ្លាស់ប្តូររាជរដ្ឋាភិបាល តាំងពីសម័យលន់ នល់ និងខ្មែរក្រហមកន្លងមក ឱ្យតែផ្លាស់ប្តូរមេដឹកនាំ តែងតែកើតឡើងនូវសង្គ្រាមជាបន្តបន្ទាប់។ សម្តេចាត់ទុកថា ការផ្លាស់ប្តូររាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្រកម្ពុជាកន្លងមក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner