ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញគណៈកម្មការប្រតិបត្តិអាណត្តិទី៣ បន្តខិតខំដឹកនាំកីឡាទូកក្តោង ជាពិសេសការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនី ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស គ្រូបង្វឹក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ នាថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា ឯកឧត្តម ព្រុំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មការប្រតិបត្តិ ភ្ញៀវកិត្តិយស ក្លឹប សមាគម កីឡាករ កីឡាការិនី ប្រមាណ ៦០នាក់ ។

អង្គមហាសន្និបាត បានអនុម័តលើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុនៃអាណត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបានអនុម័តឯកភាពលើ សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធថ្មី សម្រាប់អាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ ដែលមាន ឯកឧត្តម ថាង ហ្កោដុន ជាប្រធាន , ឯកឧត្តម ថោង រដ្ឋសក្តិ ជាអនុប្រធានទី១ , ឯកឧត្តម វ៉ាត់ ចំរើន ជាអនុប្រធាន និង ឯកឧត្តម សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និងសមាជិកចំនួន ៧រូប ដែលទទួលបានការទុកចិត្តពី អង្គមហាសន្និបាត រួមជាមួយការអនុម័តនិមិត្តសញ្ញាសម្គាល់ (LOGO) និងត្រាថ្មី របស់សហព័ន្ធសម្រាប់អាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំ គណៈកម្មការប្រតិបត្តិសហព័ន្ធអាណត្តិទី២ ឆ្នាំ២០១៩-២០២៣ ដែលបានខិតខំដឹកនាំ និងអនុវត្តន៍ការងារ ជាពិសេសជោគជ័យក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញដល់គណៈកម្មការប្រតិបត្តិអាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ បន្តខិតខំដឹកនាំកីឡាទូកក្តោង ជាពិសេសការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនី ការ បណ្តុះបណ្តាល មន្ត្រីបច្ចេកទេស គ្រូបង្វឹក អោយស្របតាមយុទ្ធសាស្ត្រ របស់ក្រសួងអប់រំយុវជន និងកីឡា យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដណ្តើមយកស្នាដៃថ្មីបន្ថែមទៀតជូនប្រទេសជាតិ ។

ឯកត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ មូលដ្ឋានសមុទ្ររាម រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកែប រដ្ឋបាលខេត្តកោះកុង និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights តំបន់អភិវឌ្ឍន៍ តារាសាគរ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសសូមថ្លែងអំណរគុណដល់ ឯកឧត្តម ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្តោង ដែលតែងតែជួយជំរុញ និងឧបត្ថម្ភ ដល់សហព័ន្ធកីឡាទូកក្តោងតាំងពីដើមរៀងមក និងសូមស្នើ ឯកឧត្តម ប្រធាន សហពន្ធ បន្តជួយ ឧបត្ថម្ភ ទាំង ផ្នែក បណ្តុះបណ្តាល បច្ចេកទេស សំភារះ និង ផ្នែកហិរញវត្ថុ ដើម្បីសហពន្ធ មានលទ្ធភាព ពង្រីកក្លិប សមាគមន៍ អោយបានច្រើន ទាំងនៅតំបន់ សមុទ្រ និង ទន្លេ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ ក្រុមកីឡាករ កីឡាការិនី កីឡាទូកក្តោង ត្រូវបន្តខិតខំ និងយកចិត្តទុកដាក់ លើការហ្វឹកហាត់ ចូលរួមការប្រកួតក្នុងក្របខណ្ឌជាតិ អន្តរជាតិជាពិសេសត្រូវខិតខំយ៉ាងណាដើម្បីយកស្នាដៃអោយបានល្អ ក្នុងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner