កូរ៉េខាងជើងថ្កោលទោសសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង
កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបញ្ចេញប្រតិកម្មធ្ងន់ៗ ចំពោះសមយុទ្ធយោធា រវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមឡើង តាំងពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានកើនឡើងទ្វេដង បើធៀបនឹងសមយុទ្ធ កាលពីឆ្នាំមុន។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះ បានជំរុញឱ្យទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បញ្ឈប់សមយុទ្ធនេះ ជាបន្ទាន់ ដោយគេចាត់ទុកថា ជាសមយុទ្ធសង្គ្រាម ដ៏គួរឱ្យភ័យខ្លាច។
មន្ត្រីរូបនេះអះអាងទៀតថា កូរ៉េខាងជើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសមយុទ្ធយោធានេះ ហើយព្រមានយ៉ាងធ្ងន់ធ្ងរថា ទង្វើបែបនេះ គឺជាបង្កហេតុ និងអស្ថិរភាព។ ប្រភពបន្តថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងត្រូវបង់ថ្លៃទាំងអស់ ចំពោះជម្រើសខុសឆ្គងរបស់ពួកគេ ហើយថា ការធ្វើបែបនេះបណ្តាលឱ្យសន្តិសុខឧបទ្វីបកូរ៉េ ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ជារៀងរាល់ពេល។
មកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កូរ៉េខាងត្បូងជា «សត្រូវដ៏ធំ» របស់ខ្លួន សូម្បីតែ ទីភ្នាក់ងារបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរ ក៏ត្រូវបានលុបចោល នាពេលថ្មីៗនេះ ហើយថែមទាំងបានគំរាមធ្វើសង្រ្គាមគ្រប់ពេល ទៀតផង។
គួរបញ្ជាក់ដែរថា អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធានិទាឃរដូវ ប្រចាំឆ្នាំ ដើម្បីបង្កើនការត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ដែលហាក់ឡើងកម្តៅនាចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ។ សមយុទ្ធនេះមានឈ្មោះថា Freedom Shield ដោយគ្រោងរៀបចំឡើង រយៈពេល ១១ថ្ងៃ ហើយ មានសមយុទ្ធសំខាន់ៗ ចំនួន៤៨ផ្នែក ក្នុងនោះ រួមបញ្ចូលទាំងសមយុទ្ធ ស្ទាក់ចាប់មីស៊ីល ការទម្លាក់គ្រាប់បែក ការវាយលុកតាមអាកាស និងការបាញ់ផ្ទាល់ ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត