នាយករដ្ឋមន្ត្រីអូស្ត្រាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជា ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍ ។

ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។

ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។

ជាការឆ្លើយតប សម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។

ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា សម្តេចបានបង្ហាញអំពីការទាក់ទាញការ វិនិយោគ ពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីកាលពីព្រឹក និងបានស្វាគមន៍ ចំពោះការ ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តា ជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ។

សម្តេចធិបតី បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី អូស្ត្រាលី ដើម្បីធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ។

ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃសហប្រតិ បត្តិការ ទាំងនេះ និង សម្តែង ការរីករាយទទួលយកការអញ្ជើញ របស់ សម្តេចធិបតី ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅ កម្ពុជា នាពេលសមស្របខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner