អភិបាលខេត្តកំពត៖ មន្ត្រីត្រូវធ្វើគំរូល្អដល់ពលរដ្ឋ និងចៀសឆ្ងាយពីគ្រឿងញៀន

កំពត៖ ថ្លែងទៅកាន់មន្ត្រីគ្រប់ជាន់ថ្នាក់នៃសាលាខេត្តកំពត ក្នុងយុទ្ធនាការលើកទី១នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីសាលាខេត្តជាង ២០០នាក់កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីឆ្លើយតប និងដាក់ឲ្យអនុវត្តបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ  រដ្ឋបាលខេត្តកំពតបានរៀបចំធ្វើយុទ្ធនាការត្រួតពិនិត្យទឹកនោមស្វែងរកសាធាតុញៀនលើមន្ត្រីសាលាខេត្តមុនគេ បន្ទាប់មកនឹងណែនាំឲ្យគ្រប់មន្ទីរអង្គភាពជុំវិញខេត្តឳ្យធ្វើតេស្តដែរ ។

ឯកឧត្តមបន្តថា តទៅមុខ រាល់៦ខែម្តងនឹងធ្វើតេស្តរកសារធាតុញៀន  ដើម្បីធានាថាមន្ត្រីខេត្តកំពតស្អាតស្អំ គោរពក្រមសីធម៌ល្អ គ្មានប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន តែបើក្នុងករណីពិនិត្យឃើញមានសារធាតុញៀន រដ្ឋបាលខេត្តនឹងចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

គួរំលឹកថានៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕
ដោយ ៖សិលា សារិន

ads banner