រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ សរសើរ កិច្ចសហការបញ្ជូនពលករដោយស្មារតីទទួលខុសត្រូវ ពិសេសពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងស្មោះត្រង់

(សាធារណរដ្ឋកូរ៉េ)៖ រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ សរសើរ ក្រសួងការងារ ដែលបានសហការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ ពិសេស ពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ កត្តាទាំងនេះហេីយ ដែលនាំឲ្យក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ ។

នេះជាការលើកឡើងរបស់ឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ បានស្នើសុំឯកឧត្តម Lee Jung Sik ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) ពីលើកម្មវិធី E-9 ដែលមានស្រាប់ ព្រមទាំងពិនិត្យមើលលទ្ធភាពជម្រុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ជាមួយនាយកដ្ឋានពេទ្យការងារ, អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម, អង្គភាពសេវាព័ត៌ការងារកូរ៉េ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងការផ្តល់ជំនួយបន្ថែមលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីមុខរបរ និងការងារកូរ៉េនឹងបន្តផ្តល់ឱកាសការងារជូនបងប្អូនពលករកម្ពុជាដែលមានបំណងទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាសហការអភិវឌ្ឍលើវិស័យសំខាន់ៗរួមគ្នា ធ្វើយ៉ាងណាដើម្បីទទួលបានលទ្ធផលវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ ។

ឯកឧត្តមរដ្ឋមន្ត្រីការងារកូរ៉េក៏បានកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសហការលេីការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ និងទាន់ពេលវេលា ព្រមទាំងគូសបញ្ជាក់ថា ពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម ស្មោះត្រង់។ កត្តាទាំងនេះហេីយ ដែលនាំឲ្យក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ។

ទន្ទឹមនឹងនោះ ឯកឧត្តម Lee Jung Sik នឹងពិនិត្យមើលលទ្ធភាពផ្តល់កិច្ចសហការឱ្យបានលឿនទៅតាមការស្នើសុំរបស់ឯកឧត្តម ហេង សួរ ដែលបានលើកឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហការជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលកន្លងមក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner