សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់
ភ្នំពេញ៖ ក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្ម (ឌីជីថលូបនីយកម្មគឺ ជាសកម្មភាពនានាឲ្យទៅប្រពន្ធ័ឌីជីថល)នៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់ ។
សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់ជាអាទិភាព ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់ក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្របខណ្ឌគោលនយោបាយ ជាផែនទីចង្អុលផ្លូវមួយ ជាមួយចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងនិងសង្គមឌីជីថល រស់វើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយកការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋពលរដ្ឋ ដើម្បីជំរុញសន្ទុះកំណើតសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាភាព ។
សម្ដេច បន្ដថា រាជរដ្ឋាភិបាល ក៏បានដាក់ឲ្យអនុវត្តក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន៣ ជាសេនាធិការ ដឹកនាំសម្របសម្រួល តាមផែននីមួយៗ ក្នុងនោះរួមមាន ៖ ទី១- គណៈកម្មាធិការសេដ្ឋកិច្ច ធុរកិច្ចឌីជីថល ទី២- គណៈកម្មាធិការដ្ឋបាលជីឌីថល និងទី៣-គណៈកម្មាធិការសន្ដិសុខឌីជីថល ។
សម្ដេច ថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផល ប្រយោជន៍អតិបរមា ពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយក៏រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់ ។ វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឲ្យមានការប្រើប្រាស់បច្ចេក វិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាង ពេលណាៗ ទាំងអស់» ។ ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំពោះចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធើណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩លាននាក់ ក្នុងឆ្នាំ ២០២៣ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ



