លោក ជិន ប៊ុនធឿន ត្រូវបានប្រកាសតែងតាំងជា អភិបាលខណ្ឌឬស្សីកែវ ជំនួស លោកឯក ឃុនដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតាំងជា អភិបាលខណ្ឌឬស្សីកែវជំនួយ លោកឯក ឃុន ដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២មីនា ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ ការរៀបចំសណ្តាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។

ឯកឧត្តមអភិបាល បន្តទៀតថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកគិតជាមួយប្រជាពលរដ្ឋធ្វើឲ្យបានលឿននិងមានតម្លាភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថា ជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយយើងបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតឯកឧត្តម ឃួង ស្រេងក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តគឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវថ្មី ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ប្តេជ្ញាបំពេញការងារឱ្យបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនឱ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។លើកកំពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានអោយបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំអោយបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner