ផ្ទុះហ្គាសដ៏ធំសម្បើមនៅចិន មនុស្សម្នាក់ស្លាប់ ២២នាក់រងរបួស

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមមួយ ក្នុងថ្ងៃពុធនេះ បានសម្លាប់មនុស្សម្នាក់ និង២២នាក់ទៀតរងរបួសនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន។

ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា ហេតុការណ៍ផ្ទុះហ្គាសនេះ កើតឡើងនៅមុនម៉ោង៨ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នៅក្នុងតំបន់លំនៅដ្ឋានចាស់ៗមួយកន្លែងក្នុងទីក្រុង Sanhe ដែលមានចម្ងាយតិចជាង ៥០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីប៉េកាំង។

បើតាមការបញ្ជាក់របស់ CCTV មនុស្សម្នាក់បានស្លាប់ និង២២នាក់ទៀតរងរបួស ខណៈគ្រោះថ្នាក់នេះ អាជ្ញាធរដាក់ការសង្ស័យថា បណ្តាលមកពីការលេចធ្លាយហ្គាសនៅហាងមាន់បំពង។ ទូរទស្សន៍ចិន CCTV បានឱ្យដឹងទៀតថា ហេតុការណ៍ផ្ទុះនេះដែរ បានកើតឡើងចេញពីជាន់ផ្ទាល់ដីនៅឯភោជនីយដ្ឋានមួយកន្លែង ហើយភ្លាមៗអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ បុគ្គលិកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ខណៈដែលនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុក Langfang និយាយថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ៣៦គ្រឿង និងបុគ្គលិក ១៥៤នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ នាយកដ្ឋានពន្លត់អគ្គីភ័យស្រុក Langfang បានបញ្ជាក់ថា បច្ចុប្បន្នអគ្គីភ័យបានរលត់ទាំងស្រុងហើយ ហើយការងារជួយសង្គ្រោះកំពុងអនុវត្តជាបន្ទាន់។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះ និងឧបទ្ទវហេតុសាហាវៗផ្សេងៗទៀត គឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែបញ្ហាស្តង់ដារសុវត្ថិភាព និងការអនុវត្តវិធានការណ៍សុវត្ថិភាពមិនត្រឹមត្រូវ។ តួយ៉ាង កាលពីខែកុម្ភៈ មនុស្សយ៉ាងតិច ១៥នាក់បានស្លាប់ និង៤៤នាក់ទៀតរងរបួស ដោយសារអគ្គីភ័យឆាបឆេះអគារលំនៅដ្ឋានមួយកន្លែង ក្នុងទីក្រុងណានជីង ភាគខាងកើតប្រទេសចិន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner