ឯកឧត្តម ហ៊ុន ម៉ានី៖ តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ ស.ស.យ.ក បានជំរុញ និង លើកទឹកចិត្តប្រជាជន ពិសេស យុវជនឱ្យចូលរួមកាន់តែផុសផុល ក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេស
(ភ្នំពេញ)៖ តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តប្រជាជន ពិសេស យុវជនឲ្យចូលរួមចំណែកកាន់តែផុសផុល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹង ពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទស្សវត្សទី១ ពិសេសការពង្រឹកវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន គួរជាទីមោទនៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តតួនាទី ស្នូលរបស់ខ្លួនបានយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម និងជាកាលានុវត្តន៍ភាព ដើម្បីចូលរួមយ៉ាង សកម្ម ក្នុងបញ្ហាសង្គម និងបន្ដចូលរួមជាធ្លង់មួយជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តប្រជាជន ពិសេស យុវជនឲ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹង ពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទស្សវត្សទី១ ពិសេសការពង្រឹកវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។

ឯកឧត្តមប្រធាន ស.ស.យ.ក. បានបញ្ជាក់បន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ដបោះជំហានទៅមុខយ៉ាងមុះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជន ឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ រួមមាន៖ មនុស្សធម៌ វប្បធម៌ សង្គម សិល្បៈ ការងារ និងមុខរបរ ជាមួយវិជ្ជាជីវៈ សីលធម៌ គុណធម៌ មនសិកាស្នេហាជាតិ និងសុទិដ្ឋនិយមខ្ពស់ចំពោះអនាគតរបស់ខ្លួន និងជោគវាសនា របស់ប្រទេសជាតិ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ