ហូឡង់ចាយលុយរាប់ពាន់លានដុល្លារទិញនាវាមុជទឹកវាយប្រហារថ្មីៗ
ប្រទេសហូឡង់បានសម្រេចចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកវាយប្រហារ ចំនួនបួនគ្រឿងបន្ថែម សម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
នាវាទាំងនេះនឹងជំនួសនាវាប្រភេទ Walrus បួនគ្រឿង ដែលបានចូលបម្រើយោធា តាំងដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដែលក្នុងនោះ មួយគ្រឿងនឹងឈប់ដំណើរការ ឆាប់ៗនេះ ហើយ គ្រឿងបន្លាស់របស់វា អាចត្រូវបានប្រើ ដើម្បីរក្សា បីគ្រឿង ផ្សេងទៀត នៅក្នុងប្រតិបត្តិការ មុនពេលមានចំណូលថ្មី ៤គ្រឿង។
ក្រសួងការពារជាតិហូឡង់បាននិយាយថា ការសម្រេចថា ទិញពីប្រទេសណានោះ មិនទាន់សម្រេចច្បាប់ទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ ប៉ុន្តែអាចនឹងប្រកាសឲ្យដឹង មិនឲ្យហួសពីថ្ងៃសុក្រនេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ហូឡង់បាននិយាយថា សម្ព័ន្ធ Naval Group ដឹកនាំដោយបារាំង ត្រូវបានជ្រើសរើស ជាដៃគូរកិច្ចព្រមព្រៀង ទិញនាវាទាំងនេះ ប៉ុន្តែ ខាងក្រុមហ៊ុនមិនទាន់ធ្វើអត្ថាធិប្បាយ លើការលើកឡើងនេះទេ។ កាសែត De Telegraaf បានឱ្យដឹងទៀតថា កិច្ចសន្យានេះ មានតម្លៃ ចន្លោះពី ៤.៤ពាន់លានដុល្លារ ទៅ៦.៥ពាន់លានដុល្លារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត