កំពង់ឆ្នាំងនឹងមានកំពង់ផែ និងមណ្ឌលភស្តុភារកម្មតម្លៃជាង១០០លានដុល្លារ

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងនឹងមានកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម ដែលមានតម្លៃ១០៨លានដុល្លារ។ ស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ។កំពង់ផែនេះរំពឹងថាអាចបង្កើតការងារចំនួន ១១៥កន្លែង។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ីឌីស៊ី( CDC) រដ្ឋាភិបាលបានអនុម័តគម្រោងនេះកាលពីខែកុម្ភៈដែលបើកផ្លូវសម្រាប់ការសិក្សា និងសាងសង់ ។យ៉ាងណាក៏ដោយស៊ីឌីស៊ី មិនទាន់អាចបញ្ជាក់បានទេថាគម្រោងនេះនឹងត្រូវការពេលប៉ុន្មានឆ្នាំដើម្បីបញ្ចប់។

ក្រៅពីគម្រោងកំពង់ផែពហុបំណងនៅកំពង់ឆ្នាំង ខេត្តកោះកុងក៏នឹងមានវារីអគ្គិសនីថ្មីមួយបន្ថែមទៀតដែលមានទុនវិនិយោគ៤៤០លានដុល្លារ។គម្រោងនេះស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា។ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀងឯណោះវិញ ទាក់យកបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តតម្លៃ២១២លានដុល្លារដែលអាចបង្កើតការងារបានជាង១០០០កន្លែង។ក្រៅពីនេះ មជ្ឈមណ្ឌលទិន្នន័យ២កន្លែងនឹងត្រូវបង្កើតឡើងសម្រាប់ការធ្វើអាជីវកម្មដែលមានទុនសរុបប្រមាណ ១៣៧លានដុល្លារ។ មណ្ឌលទិន្ន័យទាំង២មានទីតាំងនៅរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា គម្រោងថ្មីៗទាំងនេះនឹងជួយជំរុកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។អ្នកឧកញ៉ាបញ្ជាក់ថា«គម្រោងដែលបានអនុម័តជាងមួយពាន់លានដុល្លារនេះ គឺជាគម្រោងដែលជួយគាំទ្រដល់វិស័យផ្សេងៗទៀត ជាពិសេសទាក់ទាញដល់ការវិនិយោគចូលមកប្រទេសកម្ពុជា ព្រោះសព្វថ្ងៃនេះយើងកំពុងតែខ្វះខាតនូវវិស័យដែលបានអនុម័តនេះ ហើយការវិនិយោគទាំងអស់នេះ គឺជាពេលវេលាមួយសមស្របសម្រាប់អនាគត ហើយយើងសង្ឃឹមថា រាល់គម្រោងនេះដំណើរការរួចរាល់នឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត»។

នៅខែកុម្ភៈឆ្នាំ២០២៤ស៊ីឌីស៊ីអនុម័តគម្រោងវិនិយោគសរុប៣៧គម្រោងទាំងនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណជិត ១២ពាន់លានដុល្លារ។ គម្រោងទាំងនេះរំពឹងអាចបង្កើតការងារសរុប ៣៨ ០០០ កន្លែង។

នៅក្នុងខែកុម្ភៈដដែលនេះ វិនិយោគិនក្នុងស្រុកបានគ្របដណ្តប់ទុនវិនិយោគសរុបចំនួនជាង ៥៨០០% ខណៈទុនវិនិយោគមានប្រភពមកពីប្រទេសចិនចំនួន ៣៣០០%, ប្រទេសសិង្ហបុរី មានចំនួនជាង ៤៣០% និងប្រទេសវៀតណាមមានចំនួន ៤០៩%៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner