រដ្ឋបាលខេត្តសៀមរាបប្រជុំបែងចែកការកិច្ចជូនក្រុមការងារទទួលខុសត្រូវតាមផ្នែកនីមួយៗ របស់អនុគណៈកម្មការបដិសណ្ឋារកិច្ច និងកិច្ចការទូទៅនៃគណៈកម្មការអន្តរក្រសួង សម្រាប់បុណ្យទន្លេលើកទី៨

សៀមរាប៖ អនុគណៈកម្មការបដិសណ្ឋារកិច្ច និងកិច្ចការទូទៅនៃគណៈកម្មការអន្តរក្រសួង សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប កាលពីថ្ងៃព្រហស្បតិ៍ បានបើកកិច្ចប្រជុំបែងចែកការកិច្ចជូនក្រុមការងារទទួលខុសត្រូវតាមផ្នែកនីមួយៗ របស់អនុគណៈកម្មការ។កិច្ចប្រជុំដឹកនាំដោយលោក ឈួននី ស៊ីណាន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំអភិបាលរងខេត្ត លោក ង៉ូវ សេងកាក់ បានរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ឳ្យបានខ្ពស់លើការងារដែលក្រុមការងារមានបទពិសោធន៍កន្លងមកទៅតាមកម្មវិធីមួយចំនួន ។ធ្វើយ៉ាងណាកុំឲ្យមានការធ្វេសប្រហែស ក្នុងចូលរួមអនុវត្តការងារឲ្យព្រឹត្តិការណ៍នេះ បានដំណើរការទៅតាមការគ្រោងទុក។

ជាមួយគ្នានោះ ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ លោក ឈួននី ស៊ីណាន បានជំរុញដល់ក្រុមការងារត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានថ្នាក់ដឹកនាំជាតិ អន្តរជាតិ ជាពិសេស ចំពោះភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត។លោកថា នេះជាព្រឹត្តិការណ៍ថ្មី ហើយវាក៏ជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តសៀមរាបទៀតផង។

គួររំលឹកថា ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ ប្រារព្ធចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។កន្លែងប្រារព្ធចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ’’ ជាមួយនិងកម្មវិធីសម្បូរបែបដោយមានការសម្តែងសិល្បៈ ការប្រគំតន្ត្រី ដែលចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចទៀតផង៕
ដោយៈស៊ាន សុផាត

ads banner