សម្តេចធិបតីបំភ្លឺជុំវិញស្ថានការណ៍វិនិយោគរយៈពេល៦ខែនៃការឡើងកាន់អំណាច (Video Inside)

ការវាយតម្លៃមិនទាន់គ្រប់ជ្រុងជ្រោយដោយមតិមួយចំនួន ជុំវិញស្ថានការណ៍វិនិយោគ និងការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្ហាញតួលេខពិតប្រាកដ ដើម្បីបញ្ចៀសការភ័ន្តច្រឡំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៥មីនា បានថ្លែងថា គិតត្រឹមរយៈពេល៦ខែ ការបណ្តាក់ទុនដែលបានចុះបញ្ជី នៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៧៣គម្រោង តម្លៃសរុប ៤ពាន់ ១៥០លានដុល្លារ ប៉ុន្តែបើគិតជុំវិញការចុះសរុបទាំងអស់នោះវិញ គិតត្រឹមពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មី មានចំនួន ៣ពាន់ ៣១៣ ដែលបង្កើតការងារបាន ៥ម៉ឺន ២ពាន់ ៥៩៧កន្លែង។ សម្តេចធិបតីថ្លែងថា ចំណែកសហគ្រាសក្រៅពីវិស័យកាត់ដេរ ក៏មានចំនួន ៣ពាន់ ១៤៩ផងដែរ។

ការបង្ហាញនូវតួលេខពាក់ព័ន្ធលើវិស័យវិនិយោគ និងការបណ្តាក់ទុន បានធ្វើឡើងក្រោយសម្តីវាយប្រហារ ពីក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ដែលចោទថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ចាប់តាំងពីការឡើងកាន់អំណាច ថ្ងៃទី២២ សីហា ឆ្នាំ២០២៣នោះមក មិនបានធ្វើអ្វីឡើយ ក្រៅតែពីការលើកឡើងនូវសម្តីអួតអាង។ សម្តេចធិបតីបានថ្លែងថា ភាពឡើងចុះ នៃវិស័យវិនិយោគ គឺជារឿងធម្មតា នៃភាពវិវត្តន៍របស់សេដ្ឋកិច្ចពិភពលោក។

សម្តេចធិបតីបានថ្លែងថា រយៈពេល៦ខែកន្លងមកនេះ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ១១ក្បៀស៨ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ គឺមានកំណើនជាង ១ក្បៀស ៦ពាន់លានដុល្លារ ដែលបង្ហាញសេដ្ឋកិច្ចកម្ពុជា មានកំណើនជាបន្តបន្ទាប់។

ads banner