អ៊ីស្លង់ប្រកាសអាសន្ន ដោយសារផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លា

រ៉ៃក្បាវិក៖ ប៉ូលីសអ៊ីស្លង់បានប្រកាសភាពអាសន្នកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលកម្អែភ្នំភ្លើងបានហៀរចេញពីស្នាមប្រេះ នៃបន្ទុះភ្នំភ្លើងនៅលើឧបទ្វីបរ៉ៃក្យាណេស ដែលនេះជាការផ្ទុះលើកទី៤ ចាប់តាំងពីខែធ្នូ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យ Met របស់អ៊ីស្លង់ (IMO) និយាយថា ភ្នំភ្លើងបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅចន្លោះភ្នំ Stora Skogfell និង Hagafell នៅលើឧបទ្វីបរ៉ៃក្យាណេត។ វីដេអូបន្ទុះភ្នំភ្លើងបានបង្ហាញឲ្យឃើញផ្សែងខ្មួលខ្មាញ់ និងពន្លឺម៉ាក់ម៉ា ហូរចេញពីមាត់ភ្នំភ្លើង ហើយភូគព្ភវិទូ Magnus Tumi Gudmundsson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការផ្ទុះកាលពីថ្ងៃសៅរ៍ គឺជាការផ្ទុះមានកម្លាំងខ្លាំងបំផុត មិនធ្លាប់ជួបសោះតាំងពីមុនមក។

ទំហំប្រេះស្រាំត្រូវបានគេប៉ាន់ប្រមាណថា មានប្រវែង ២,៩គីឡូម៉ែត្រ។ អាជ្ញាធរអ៊ីស្លង់និយាយថា ប៉ូលិសបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ឆ្លើយតបនឹងហេតុការណ៍ភ្នំភ្លើងផ្ទុះនេះ។ កម្អែលភ្នំភ្លើងហាក់ដូចជាហូរទៅភាគខាងត្បូង ឆ្ពោះទៅកាន់ទំនប់ទឹក ដែលបានសាងសង់ ដើម្បីការពារភូមិនេសាទ Grindavik។ អ្នកត្រូវជម្លៀសភាគច្រើន គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Grindavik ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់ ខណៈដែលតំបន់ Blue Lagoon នៅក្បែរនោះ ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អ៊ីស្លង់ ក៏ត្រូវបានជម្លៀសចេញផងដែរ។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់មានប្រព័ន្ធភ្នំភ្លើងសកម្មចំនួន៣៣ ហើយស្ថិតនៅចន្លោះផ្លាកធំជាងគេពីរនៅលើផែនដី គឺផ្លាកអឺអាស៊ី និងអាមេរិកខាងជើង ហើយជាកន្លែងដែលកើតឡើងគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែផ្លាកទាំងពីរផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner