រលកកំដៅក្តៅខ្លាំងបង្ខំស៊ូដង់ខាងត្បូងបិទសាលារៀនទាំងអស់
ចូបា៖ ប្រទេសស៊ូដង់ខាងត្បូង ក្នុងថ្ងៃសៅរ៍ បានប្រកាសបិទសាលារៀនទាំងអស់ដោយគ្មានពេលកំណត់ ដោយសារតែការវាយប្រហារពីរលកកំដៅដ៏ក្តៅខ្លាំងក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងសីតុណ្ហភាពខ្ពស់ខ្លាំងទាំងពេលថ្ងៃ និងពេលយប់។
រដ្ឋមន្រ្តីសុខាភិបាលស៊ូដង់ខាងត្បូង លោកស្រី Yolanda Awel Deng និយាយថា ផ្នែកភាគច្រើននៃប្រទេសស៊ូដង់ខាងត្បូង កំពុងជួបប្រទះរលកកំដៅដ៏ក្តៅខ្លាំង ដែលរំពឹងថា នឹងមានរយៈពេលយ៉ាងហោចណាស់ពីរសប្តាហ៍ជាមួយនឹងសីតុណ្ហភាពចន្លោះពី ៤១ ដល់ ៤៥អង្សាសេ។ លោកស្រីបន្តថា រដ្ឋាភិបាលបានសម្រេចចាត់វិធានការដូចខាងក្រោម៖ ទី១.បិទសាលារៀនទាំងអស់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែមីនា។
ទី២.ក្នុងអំឡុងពេលបិទសាលារៀន ឪពុកម្តាយត្រូវឈប់ឱ្យកូនៗរបស់ខ្លួន ចេញទៅលេងខាងក្រៅរយៈពេលយូរ ហើយពួកគេក៏គួរតែតាមដានផងដែរ។

លោកស្រីរដ្ឋមន្រ្តីបន្ថែមថា រលកកំដៅអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនយ៉ាងច្រើនក្នុងរយៈពេលខ្លី ដែលជារឿយៗបង្កឱ្យមានភាពអាសន្នផ្នែកសុខភាពសាធារណៈ ហើយអាចបណ្តាលឱ្យករណីបាត់បង់ជីវិត និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ ចំណែកអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរិស្ថាន នៃក្រសួងបរិស្ថាន និងព្រៃឈើស៊ូដង់ខាងត្បូង លោក Joseph Africano Bartel និយាយថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាបាតុភូតសកល ដែលស៊ូដង់ខាងត្បូងនឹងជួបប្រទះការប្រែប្រួលសីតុណ្ហភាពច្រើន។
លោក Bartel បានណែនាំដល់សាលារៀនទាំងអស់ ត្រូវធ្វើឱ្យប្រាកដថា មានខ្យល់ចេញចូលល្អ និងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីធ្វើឱ្យកង្ហារដំណើរការ ក៏ដូចជាដាំដើមឈើក្នុងបរិវេណសាលា។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍កាត់បន្ថយការបំភាយឧស្ម័ន ដោយព្រមានថា ស៊ូដង់ខាងត្បូងនឹងជួបប្រទះផលប៉ះពាល់មិនធម្មតា ពីការប្រែប្រួលអាកាសធាតុក្នុងពេលឆាប់ៗនេះ ក្នុងនោះមានដូចជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា