Apple ប្រឈមមុខនឹងការខាតបង់ប្រាក់រហូតដល់ ៤៩០លានដុល្លារ

ញូវយ៉ក៖ ក្រុមហ៊ុន Apple បានឈានដល់ការដោះស្រាយបណ្តឹងមួយនៅក្រៅប្រព័ន្ធតុលាការ ដោយយល់ព្រមបង់ប្រាក់ចំនួន ៤៩០លានដុល្លារដល់ម្ចាស់ភាគហ៊ុន ដែលបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានធ្វើសេចក្តីថ្លែងការណ៍មិនពិត ជុំវិញការធ្លាក់ចុះអាជីវកម្មរបស់ខ្លួននៅប្រទេសចិនកាលពីឆ្នាំ២០១៨។

ម្ចាស់ភាគហ៊ុនបានរិះគន់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ដែលបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ថា អាជីវកម្មរបស់ក្រុមហ៊ុននៅតែមានសន្ទុះនៅក្នុងទីផ្សារប្រទេសចិន បើទោះបីជាការពិត វាកំពុងធ្លាក់ចុះក៏ដោយ។ នៅពេលនោះ Apple កំពុងរងទុក្ខដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ជាពិសេសភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែលោក Time Cook បែរជាបានប្រាប់វិនិយោគិនថា ទោះបីជា Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងតួកគី ដែលរូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ ខ្ញុំនឹងមិនដាក់ប្រទេសចិននៅចំណុចនោះជាដាច់ខាត។

សេចក្តីថ្លែងការណ៍របស់លោក Cook នេះហើយ ដែលជាចំណុចសំខាន់មួយនៅក្នុងបណ្តឹង ដែលម្ចាស់ភាគហ៊ុនចោទប្រកាន់គាត់ ពីបទលាក់បាំងការធ្លាក់ចុះតម្រូវការទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរពីវិនិយោគិន។

គួរបញ្ជាក់ថា ការដោះស្រាយបឋមត្រូវបានដាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រម លោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner