អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការ កែច្នៃ យានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការ កែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវសាធារណៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ។

កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានដាក់ចេញនៅគោលការណ៍ ៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និង ៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ ។

ឯកឧត្តម ឃួងស្រេង បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបាន បង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត ។

ឯកឧត្តម ឃួង សេ្រង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាប៊ៀកាដិនជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋដែរ។ ដោយឡែកចំពោះល្បែងស៊ីសងគ្រប់ប្រភេទក៏ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួនផងដែរ ។

សូមបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យ លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង ។

សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner