កូនស្រីសំណព្វលោក គីម ជុងអ៊ុន ទំនងជាអ្នកស្នងអំណាចពីឪពុក

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ កាន់តែជឿជាក់ខ្ពស់ថា កូនស្រីសំណព្វរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលតែងរួមដំណើរទៅមើលការបាញ់សាកល្បងមីស៊ីល និងក្បួនដង្ហែយោធា មានភាគរយខ្ពស់បំផុត ជាអ្នកស្នងអំណាចពីឪពុក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានហៅកូនស្រីជំទង់របស់លោក គីម ថា ជា “មនុស្សដ៏អស្ចារ្យ” ឬ ភាសាកូរ៉េហៅថា “hyangdo” ជាពាក្យប្រើសម្រាប់ហៅមេដឹកនាំកំពូល និងអ្នកស្នងតំណែងរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Koo Byoung-sam បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជាធម្មតាពាក្យ “hyangdo” ប្រើដើម្បីសំដៅលើមន្ត្រីជាន់ខ្ពស់កូរ៉េតែប៉ុណ្ណោះ។ ដូច្នេះកូរ៉េខាងត្បូងរំពឹងថា កូនស្រីលោក គីម ឈ្មោះ គីម ជូ អេ អាចនឹងត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងជំនាន់ក្រោយ នៃគ្រួសារត្រកូលគីម។

ការយល់ឃើញបែបនេះ គឺសំអាងលើការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការបង្ហាញមុខកូនស្រីសំណព្វ នៅឯទីតាំងបាញ់សាកល្បងមីស៊ីលដែលជាទូទៅត្រូវបានគេចាត់ទុកថា ជាទំនាក់ទំនងរវាងគ្រួសារគីម និងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ ការសង្ស័យពីក្មេងស្រី ជូ អេ កាន់តែមានសភាពខ្លាំងក្លាឡើង នៅពេលដែលរូបនាងបានបង្ហាញខ្លួនសាជាថ្មីជាមួយលោក គីម នៅឯពិធីថតរូបជុំគ្នាជាមួយវិស្វករមីស៊ីលកូរ៉េខាងជើងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២។

ក្មេងស្រី ជូអេ បានស្លៀកសម្លៀកបំពាក់កាន់តែផ្លូវការជាងមុន ជាមួយអាវធំខាងក្រៅ ពណ៌ខ្មៅ និងយកដៃដាក់លើស្មារបស់ឪពុកកំពុងអង្គុយនៅខាងមុខក្រុមវិស្វករមីស៊ីល ដែលនាំគ្នាទះដៃអបអរសាទរយ៉ាងកងរំពង។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីការស្លាប់របស់ឪពុកលោកកាលពីចុងឆ្នាំ២០១១។ លោក គីម បានរៀបការជាមួយលោកស្រី រី សូល ជូ ក្នុងឆ្នាំ២០០៩ ហើយបើតាមក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង អ្នកទាំងពីរមានកូនចំនួន៣នាក់ ក្នុងនោះកូនប្រុសម្នាក់ទំនងជាច្បង រីឯក្មេងស្រី ជូអេ ជាកូនចម្បងទី២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner