សាគូរ៉ានៅអាមេរិករីកមុនកំណត់ ពុំធ្លាប់មាន កំលុង២០ឆ្នាំ

អាមេរិក៖ ផ្កាសាគូរ៉ានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក បានរីកពេញលេញ ខុសពីធម្មតា ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។

កាលពីថ្ងៃចន្ទ មនុស្សម្នាបានមកទស្សនា និងស្រូបក្លិនផ្កាសាគូរ៉ា ឬ គេហៅថា ផ្កា Cherry នៅតាមបណ្តោយទឹកបឹងសិប្បនិម្មិតប្រើជាប្រភពផ្គត់ផ្គង់ទឹក ឈ្មោះថា Tidal Basin ដែលស្ថិតនៅចន្លោះទន្លេ Potomac និង ប្រឡាយ Washington។ នៅទីនោះ ពណ៌ឈូកលាយស របស់ផ្កាសាគូរ៉ា បានរីកពេញល្អខ្លាំងបំផុត ដល់ទៅ៧០ភាគរយ នៅដើមនិទាឃរដូវ គួរឲ្យកត់សម្គាល់។

គួរឲ្យកត់សម្គាល់ ត្បិតអី បើយោងតាមសេវាឧទ្យានជាតិអាមេរិក National Mall and Memorial បានឲ្យដឹងថា ជាធម្មតា ការរីកបែបនេះកើតឡើង នៅចន្លោះសប្តាហ៍ចុងក្រោយនៃខែមីនា និងសប្តាហ៍ដំបូង នៃខែមេសា។

សម្រាប់ឆ្នាំ២០២៤ សេវាកម្មនេះធ្លាប់បានព្យាករណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ការរីកខ្លាំងពេញលេញនៃផ្កា Cherry នេះ នឹងកើតឡើង នៅចន្លោះថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ២៦ ខែមីនា។

យ៉ាងណាមិញ ពួកគេបានបង្ហោះនៅលើបណ្តាញសង្គម ផ្តល់ព័ត៌មានចុងក្រោយ កាលពីថ្ងៃអាទិត្យថា «ផ្កាកំពុងរីក សម្រាប់ផ្ទាំងទស្សនីយភាព និទាឃរដូវដ៏អស្ចារ្យ»។

អ្នកវិទ្យាសាស្ត្រ និងមន្ត្រីឧទ្យានជាតិនិយាយថា ការរីកខុសពីធម្មតានេះ គឺពាក់ព័ន្ធនឹងអាកាសធាតុ។ គេអះអាងថា «អាកាសធាតុត្រជាក់ ស្ងប់ស្ងាត់អាចពន្យាររយៈពេល នៃការចេញផ្កា ហើយថ្ងៃដែលមានភ្លៀង និងខ្យល់បក់ខ្លាំង អាចនាំឱ្យផ្ការីក យ៉ាងរំភើយ»។

ការរីកខ្លាំងមុនកំណត់បែបនេះ ធ្លាប់កើតមានដែរ នៅក្រុងវ៉ាស៊ីងតោន ឌីស៊ី កាលពីថ្ងៃខែមីនា ឆ្នាំ១៩៩០ ហើយពេលនោះ ត្រូវបានចាត់ទុកថា ជាលើកដំបូង ក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍៕ ប្រភពពី Washington Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner