សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម វេទិកាបូអាវ ប្រចាំឆ្នាំនៅប្រទេសចិន រយៈពេល ៣ថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។

ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មានថា អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជា ។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ«អាស៊ីនិងពិភពលោក ៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវ ជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ។

ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន ៖ ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងឯកឧត្តម ហ្វឹង ហ្វី លេខាធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញ បំពេញទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិ បត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner