លោក ពូទីន ទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅវៀតណាម
ហាណូយ៖ វៀតណាមបានប្រកាសនៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong នៅថ្ងៃអង្គារ បានសន្ទនាតាមទូរស័ព្ទពីទីក្រុងហាណូយជាមួយលោក ពូទីន។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីផែនការសំខាន់ៗនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅក្នុងកិច្ចសន្ទនានោះដែរ លោក Trong បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បើតាមសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ពូទីន បានទទួលយកការអញ្ជើញដោយក្តីរីករាយ និងបានយល់ព្រមថា ភាគីទាំងពីរនឹងសហការសម្រាប់ការរៀបចំនៃដំណើរទស្សនកិច្ច នៅក្នុងពេលវេលាសមស្របមួយ។
នាឱកាសនោះដែរ លោក Trong ក៏បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះនៃការវាយប្រហារនៅទីក្រុងមូស្គូ ទៅលើសាលប្រគុំតន្ត្រីកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់។
គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បានធ្វើឱ្យលោក ពូទីន ឯកោជាអន្តរជាតិ និងធ្វើឱ្យគាត់មានសម្ព័ន្ធមិត្តតិចតួចប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា រុស្សីនៅតែជាប្រទេសផ្គត់ផ្គង់អាវុធកំពូលដល់ប្រទេសវៀតណាម ដោយប្រទេសកុម្មុយនិស្តមួយនេះ បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ ចាប់តាំងពីសម័យសហភាពសូវៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



