ទីបំផុត! ជប៉ុនសម្រេចផលិត និងនាំចេញយន្តហោះចម្បាំង

ប្រទេសប៉ុន កាលពីថ្ងៃអង្គារ បានសម្រេចកែប្រែច្បាប់ ដើម្បីអាចផលិតយន្តហោះចម្បាំង នៅក្នុងស្រុក ហើយអាចនាំចេញបាន ដោយត្រូវសហការជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី។

គណៈរដ្ឋមន្ត្រីជប៉ុនបានបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដែលធ្លាប់តែតឹងរឹង ដើម្បីត្រួសត្រាយឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយ ដែលកំពុងត្រូវបានអភិវឌ្ឍន៍ ជាមួយប្រទេសទំាំងពីរនេះ។

ជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងចែករំលែកនិងប្រមូលផ្តុំចំណេះដឹង នៅក្នុងបច្ចេកវិទ្យា ទាក់ទឹងនឹងការប្រយុទ្ធតាមអាកាសដ៏ទំនើប ហើយពួកគេរំពឹងថា យន្តហោះចម្បាំងប្រភេទថ្មីនេះ នឹងត្រូវផលិតចេញ ជារូបរាង នៅឆ្នាំ២០៣៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ផែនការផលិតយន្តហោះចម្បាំង មានភាពចាំបាច់ សម្រាប់សន្តិសុខជាតិ។

សំណើកែប្រែច្បាប់នេះត្រូវបានបក្សកាន់អំណាចស្នើឡើង កាលពីខែមុន។ បើតាមច្បាប់ជប៉ុន ពីមុន ការនាំចេញគ្រឿងសព្វាវុធ ត្រូវបានហាមឃាត់។ យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយ ជប៉ុនហាក់បានបន្ធូរបន្ថយខ្លះៗ ក្នុងពេលខ្លួនកំពុងផ្តោតលើការពង្រឹងយោធា ទប់ទល់នឹងស្ថានភាពតានតឹង ក្នុងតំបន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner