លោក ស៊ី ជីនពីង ជួបនាយកប្រតិបត្តិធុរកិច្ចអាមេរិកនៅទីក្រុងបេកាំង

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ បានជួបពិភាក្សាជាមួយតំណាងធុរកិច្ចអាមេរិក ស្របពេលដែលទីក្រុងប៉េកាំងស្វែងរកការទាក់ទាញការវិនិយោគពីបរទេស និងជៀសវាងការប្រឈមជាមួយក្រុមហ៊ុនអាមេរិក នៅពេលសេដ្ឋកិច្ចប្រទេសខ្លួនកំពុងធ្លាក់ចុះ។

ក្រុមនាយកប្រតិបត្តិធុរកិច្ចអាមេរិក ដែលជួបជាមួយលោក ស៊ី នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង ក្នុងនោះរួមមានលោក លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm និងលោក Stephen Schwarzman នាយកប្រតិបត្តិនៃក្រុមហ៊ុនភាគហ៊ុនឯកជនយក្ស Blackstone។

នៅក្នុងជំនួបនោះ លោក ស៊ី បានថ្លែងថា ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនទាំងពីរ។ លោក ស៊ី បន្ថែមថា ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ គួរតែមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន-អាមេរិកជួបភាពតានតឹង នៅពេលដែលប្រទេសមហាអំណាចទាំងពីរ បានប៉ះទង្គិចគ្នាលើបញ្ហាចំណុចសំខាន់ៗមួយចំនួន រាប់ចាប់ពីបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់បញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។

ក្រុមហ៊ុនអាមេរិកនៅចិនបានត្អូញត្អែរកាន់តែខ្លាំងឡើង អំពីអ្វីដែលពួកគេមើលឃើញថា ជាបរិយាកាសធុរកិច្ចមិនយុត្តិធម៌ ជាមួយនឹងការការពារមានកម្រិតចំពោះកម្មសិទ្ធិបញ្ញា និងការអនុគ្រោះដល់ដៃគូប្រកួតប្រជែងក្នុងស្រុក។

យ៉ាងណាមិញ ភាគីចិនបានច្រានចោលការភ័យខ្លាចទាំងនោះ ដោយបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះការវិនិយោគបរទេស និងសន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីជួយពួកគេ។ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន មាននិន្នាការធ្លាក់ចុះក្នុងរយៈពេលច្រើនឆ្នាំ ប៉ុន្តែក្នុងខែមីនានេះ ទីក្រុងប៉េកាំងបានកំណត់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ៥ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner