សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត និងគណ:ចលនាស្ត្រី សម្រាប់បន្តអនុវត្តក្នុងឆ្នាំ ២០២៤
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានថ្លែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំ នារីនៅគ្រប់លំដាប់ថ្នាក់ និងគណៈចលនាស្ត្រី បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ក្នុងអណ្តត្តិទី ៦ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី ៧ នៃកម្ពុជា ដោយបានសហការជាមួយថ្នាកដឹកនាំគ្រប់ លំដាប់ថ្នាក់ និង សប្បុរសជន ដើម្បីកៀរគរប្រមូលផ្តុំកម្លាំងធនធាន ថវិកា សម្ភារ និង មធ្យោបាយ ដើម្បីធ្វើ ការងារសង្គម មនុស្សធម៌ ការងារអភិវឌ្ឍន៍ សហគមន៍ និងការងារជំនាញនៅតាមមូលដ្ឋន និង មុខសញ្ញាដែលត្រូវទទួលខុសត្រូវ ដោយមិនខ្លាចការលំបាក នឿយហត់ ដើម្បីដោះស្រាយ នូវបញ្ហាលំបាក ខ្វះខាតផ្នែកសុខភាព ជីវភាព និងសិតអារម្មណ៍របស់ប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ សមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រីប្រចាំឆ្នាំ២០២៣ និងលើក ទិសដៅអនុវត្តឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមចំនួនជាង ២០០នាក់ តាមរយៈប្រព័ន្ធ ZOOM នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍រាជធានីខេត្ត ក្រសួង ស្ថាប័ន ត្រូវ ៖
១.ចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់ រាជរដ្ឋាភិបាល
២.ចូលរួមពង្រឹងនូវរចនាសម្ព័ន្ធសមាគមនារី និងក្រុមការងារចលនាស្ត្រីនៅគ្រប់លំដាប់ ថ្នាក់ គ្រប់វិស័យ និង ពង្រីកសមាជិកភាពសមាគម អនុវត្តឲ្យបានជោគជ័យនូវ ផែនការសកម្មភាពរបស់សមាគមនារី និងគណ:ចលនាស្ត្រីឆ្នាំ២០២៤ ពង្រឹងប្រសិទ្ធិ ភាពដឹកនាំ និង កិច្ចសហប្រតិបត្តិការពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន
៣.ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំជាស្ត្រី តាមរយ: ការបណ្តុះបណ្តាលជំនាញ ជាពិសេស ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល
៤.បន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនារីបណ្តាប្រទេសជាមិត្តនៅក្នុង តំបន់ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ម្ចាស់មូលនិធិ សប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ ជាផលប្រយោជន៍ ប្រជាពលរដ្ឋ ពិសេស ស្ត្រី និងកុមារ។
៥. ស្នើដល់ស្រ្តីទាំងអស់គ្នាប្រុងប្រយ័ត្ន នូវការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវកំដៅនៃផែនដី ដែលអាចធ្វើប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ ៖ ថេត វិចិត្រ


