ជំនឿ និងការនិយមចូលចិត្តទៅលើ «របាំត្រុដិ» នាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ៖ អស់កាលដ៏យូរលង់ ពោលគឺចាប់តាំងតែពីសម័យបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរ នៅតែមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា នៅពេលណាបានមកសម្តែងនឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាចឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីនាំមកជោគសិរីសួស្តីទាំងក្នុងក្រុមគ្រួសារ,ស្ថាប័ន មន្ទីរ ក្រសួង និងរហូតដល់ប្រទសជាតិថែមទៀត ។

លោក ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូ ប្រធានសមាគមន៍ចលនាវប្បធម៌ជាតិដើម្បីកុមារក្រីក្រ និងជាអតីតតារាកំប្លែងជើងចាស់ដែលបានដឹកនាំក្រុមសិល្បៈរបស់លោកមកសម្តែងក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល នៅក្រសួងព័ត៌មានកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា៖ «របាំត្រុដិ» ត្រូវបានគេជឿជាក់ថា អាចជួយបណ្តេញនូវរាល់ចង្រៃឧបទ្រព ហើយក្នុងចំណោមនេះតំណាងឱ្យ របាំត្រុដិក្នុងនេះដូចជាតួអង្គជាសត្វប្រើសដែលអ្នកស្រុកភូមិផងហ្នឹងគេយល់ឃើញថាជាសត្វចង្រៃបើកាលណាចូលក្នុងភូមិរបស់ពួកគេ។អញ្ចឹងទៅអ្នកស្រុកគេនាំគ្នាដេញព័ទ្ធកំចាត់ចេញដើម្បីកុំឱ្យចូលភូមិរបស់គេ។ក្រៅពីនេះក៏នៅមានតួអង្គជាច្រើនទៀតដូចជាព្រានព្រៃ យក្ស ក្ងោក ព្រាយជាដើម។ តួអង្គនីមួយៗបានបង្ហាញពីតំណាងល្អ និងអាក្រក់របស់ខ្មែរយើង”។

បច្ចុប្បន្នវ័យ ៨១ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិត្រាំកក់ ឃុំញេញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកតា ហ៊្វុយសូ បានបញ្ជាក់ប្រាប់ថាតាមរយៈការបណ្តុះបណ្តាលយុវជនជាច្រើនលោកឃើញថាយុវជនបានចាប់អារម្មណ៍ទៅលើផ្នែកសិល្បៈ និងមានការគាំទ្រទៅលើសិល្បៈនោះក៏ច្រើន។ ជាក់ស្តែងដូចជារបាំត្រុដិគឺស្ថិតក្នុងចំណោមដែលយុវជន និងក៏ដូចជាពលរដ្ឋនិយមចូលចិត្ត។រៀងរាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្រុមសិល្បៈរបស់លោកតែងដើរសម្តែងស្ទើរគ្រប់ទីកន្លែង។

ដោយឡែកលោក ស៊ូ វណ្ណថានី ជាសមាជិក សមាគមន៍ចលនាវប្បធម៌ជាតិដើម្បីកុមារក្រីក្រ ខេត្តតាកែវ បានឱ្យដឹងដែរថាបច្ចុប្បន្នសមាគមន៍របស់លោកមានសមាជិកទាំងអស់ ២៥នាក់។ក្នុងសមាគមន៍របស់លោកមានសម្តែងដូចជារបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ។ ចាប់ពីថ្ងៃទី១មកក្រុមលោកបានសម្តែង២ទៅ៣កន្លែងហើយ។ក្រុមរបស់លោកសម្តែងតាមក្រសួងមន្ទីរ និងតាមពិធីបុណ្យតូចធំ ទៅតាមការអញ្ជើញ។
លោកថា៖”ក្នុងស្រទាប់ពលរដ្ឋខ្មែរគេឃើញបានផ្តល់តម្លៃមួយយ៉ាងខ្ពស់សម្រាប់របាំត្រុដិដូចគ្នានឹងសិល្បៈដទៃទៀតដែរ ម្ល៉ោះហើយពេលចេញសម្តែងម្តងៗមានការចោមរោមមើលមិនថាកុមារ យុវជន ឬមនុស្សចាស់ទេ។ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរគាំទ្រនូវរបាំត្រុដិទុកជាកេ៍រ្តិមរតកនៃវប្បធម៌របស់យើងជារៀងរហូតទៅ”។

គួរបញ្ជាក់ថាតាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។

ក្នុងការសម្តែងរបាំត្រុដិនេះ គេប្រើប្រាស់ឧបករណ៍ ឬប្រដាប់ប្រដាដូចជា កញ្ចារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខភ្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។

ដោយឡែកសម្រាប់ តួសម្តែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្ក្រង់ និង អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្តែង។ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។

ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញ។វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ៕

អត្ថបទ៖ម៉ាដេប៉ូ និងរូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner