ព្រឹទ្ធសភា នីតិកាលទី៥៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន, ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។
របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន ៖
១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ
២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញថ្លែងសន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលដំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
ចំណែកនៅពេលរសៀល ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕