ក្តៅខ្លាំងពេក! ហ្វីលីពីនបង្ខំចិត្តផ្អាកថ្នាក់រៀន ទូទាំងប្រទេស

កាលពីថ្ងៃអង្គារ សាលារៀនរាប់រយកន្លែង នៅប្រទេសហ្វីលីពីន រាប់ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ត្រូវបានផ្អាកការរៀនក្នុងថ្នាក់ ជាបណ្តោះអាសន្ន ដើម្បីជៀសពីការឡើងកំដៅ និងធានាសុខភាពដល់សិស្ស និងគ្រូ។

ខេត្ត ក្រុង ដែលបិទសាលារៀន រួមមានទាំងនៅក្នុងរដ្ឋធានីម៉ានីលផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។ យ៉ាងណាមិញ ក្រសួងមិនបញ្ជាក់លម្អិតពីចំនួនសាលារៀនពិតប្រាកដទេ។

បើតាមទីភ្នាក់ងារអាកាសធាតុជាតិហ្វីលីពីន ហៅកាត់ PAGASA បានឲ្យដឹងថា តំបន់ជាច្រើននៅក្នុងតំបន់ភាគខាងលិច Visayas បានកើនកំដៅដល់ ៤១អង្សា។ ទន្ទឹមនេះ យ៉ាងហោចណាស់ទីក្រុងចំនួន៤ នៅលើកោះ Mindanao និង Luzon ត្រូវបានព្យាករថា នឹងមានកំដៅឡើងដល់ ៤២-៤៣ អង្សាសេ ដែលស្ថិតក្នុងកម្រិតគ្រោះថ្នាក់មួយ។

PAGASA និងអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្វីលីពីនបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនក្តៅ ហត់នឿយ និងជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រជាជនត្រូវបានណែនាំឲ្យកំណត់ពេលវេលាចេញក្រៅ ជៀសវាងសកម្មភាពហត់នឿយ និងផឹកទឹកឱ្យបានច្រើន ជាពិសេសនៅពេលថ្ងៃត្រង់ និងពេលរសៀល។

កំដៅ និងគ្រោះរាំងស្ងួតកំពុងកើតឡើងនៅហ្វីលីពីន ដោយសារតែប្រទេសនេះស្ថិតក្នុងវដ្តនៃបាតុភូត El Nino៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner