សម្ដេចតេជោ ហ៊ុន សែន ៖ តាំងពីចាប់បដិសន្ធិមក ព្រឹទ្ធសភា មានសមត្ថភាព ចាស់ទុំ ខាង នយោបាយ ទទួលខុសត្រូវខ្ពស់បំផុត បម្រើប្រយោជន៍ស្នូល របស់ជាតិ និងប្រជាជន
(ភ្នំពេញ)៖ តាំងពីចាប់បដិសន្ធិមក ព្រឹទ្ធសភា មានសមត្ថភាព ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើប្រយោជន៍ស្នូល របស់ជាតិ និងប្រជាជន ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងឱកាសអញ្ជើញកាន់តំណែង ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បានអរគុណ ទៅដល់សមាជិកសភាទាំងមូល ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភា បានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើប្រយោជន៍ស្នូល របស់ប្រទេសជាតិ និងប្រជាជនយើង សម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាព គួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបី របស់ខ្លួន ពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការ អនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។

សម្ដេចតេជោ បានបន្តថា ទន្ទឹមនេះ ព្រឹទ្ធសភា ក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។
ក្នុងឋានៈជាសហស្ថាបនិក ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្ដេចប្រធានព្រឹទ្ធសភា សូមយកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។ សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះ នៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។

សម្ដេចបន្តថា ចាប់ពីពេលនោះមក ព្រឹទ្ធសភាបានបំពេញ ការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាតំណាង និងការពារផល ប្រយោជន៍របស់ប្រជាជន និងក្នុងការធានាថាសំឡេងរបស់គាត់ ត្រូវបានគោរពនៅក្នុងដំណើរការ តាក់តែងច្បាប់នានា។ តាមរយៈការពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ព្រឹទ្ធសភាក៏ផ្តល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ធានាថា សេចក្តី សម្រេចនានាត្រូវបានធ្វើឡើង ដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នារបស់សង្គម ជាតិ និងប្រជាពលរដ្ឋយើង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត