ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៥-៩ ខែមេសា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៥-៩ ខែមេសា។ នៅក្នុងឱកាសអវត្តមានព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៤ តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរដ្ឋស្តីទី។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងជប៉ុន និង កម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ មកម៉្លេះ។ ប៉ុន្តែទំនាក់ទំនងនេះបានជាប់គាំងនៅអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ដោយសារតែសង្គ្រាមស៉ីវិលនិងរបបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួចទំនាក់ទំនងប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០ក្នុងនោះ
សម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មជាមួយនឹងការរឹងចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមានប្រជាជនកម្ពុជាជាច្រើនបានចេញទៅសិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើនកំពុងរស់នៅប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង ដែលក្លាយជាចំណែកមួយដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner