ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា-ឥណ្ឌូនេស៊ី គឺជាដៃគូ ជិតស្និទ្ធមានទំនាក់ទំនងមិត្តភាពល្អយូរអង្វែងក្នុងតំបន់អាស៊ី
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា សម្រាប់កម្ពុជា ឥណ្ឌូនេស៊ីគឺជាដៃគូដ៏ជិតស្និទ្ធមួយ និងមានទំនាក់ទំនងមិត្តភាពដ៏ល្អ ជាយូរ អង្វែង មកហើយនៅក្នុងតំបន់អាស៊ី ដូច្នេះឯកឧត្តមនឹងបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែ ជិតស្និទ្ធថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លើកឡើងបែបនេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញការប្ដេជ្ញាចិត្តថានឹងរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា និង ឥណ្ឌូនេស៊ីឱ្យកាន់តែរឹងមាំ ជាពិសេសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើ វិស័យ រៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា វិនិយោគិនឥណ្ឌូនេស៊ីមួយចំនួនកំពុងចាប់អារម្មណ៍មក វិនិយោគ នៅកម្ពុជាជាពិសេសលើវិស័យសំណង់ និង ស្នើដល់ក្រសួងក្រសួងរៀបចំដែនដី សិក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី ។

ឯកឧត្តមជឿជាក់ថា ក្រសួងរៀបចំដែនដីរបស់កម្ពុជា និងក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី នឹងមាន កិច្ចការជាច្រើនដែលអាចធ្វើរួមគ្នាក្នុងនាមជាដៃគូសហការដ៏ល្អ ពិសេស ការរៀ ប ចំវគ្គបណ្ដុះបណ្ដាលជូនមន្ត្រីរាជការនៃក្រសួងទាំងពីរ លើវិស័យរៀបចំដីធ្លី ការរៀបចំក្រុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យទេសចរណ៍ ព្រមទាំងរៀបចំជំនួបរវាងអ្នកវិនិ យោគ កម្ពុជា-ឥណ្ឌូណេស៊ី ៕
ដោយ / គ្រី សម្បត្តិ

