ប្រធានាធិបតីរុស្ស៊ី៖ ទីក្រុងម៉ូស្គូមិនចូលចិត្តការប្រកួតប្រជែងគ្រឿងសព្វាវុធទេ ប៉ុន្តែត្រូវតែបង្កើនការការពារខ្លួនឯង

រុស្ស៊ី៖ ប្រទេសរុស្ស៊ី មិនចង់ឲ្យផុងខ្លួនធ្លាក់ក្នុងការរត់ប្រណាំងសព្វាវុធថ្មីទៀតឡើយ ប៉ុន្តែទីក្រុងម៉ូស្គូ ក៏ចាំបាច់ត្រូវតែធានាដល់សន្តិសុខខ្លួនឯងផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។

លោក វ៉្លាឌីមៀ ពូទីន បានថ្លែងប្រាប់សារព័ត៌មានអ៊ីតាលីមួយនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា សហរដ្ឋអាម៉េរិក មានកញ្ចប់ថវិកាដល់ទៅជាង៧០០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ ខណៈរុស្ស៊ីមានត្រឹម៤៨ពាន់លានដុល្លារប៉ុណ្ណោះ។ លោក ពូទីន បន្ថែមថា ហេតុដូច្នេះហើយ ទើបរុស្ស៊ីត្រូវតែខិតខំអភិវឌ្ឍន៍បរិក្ខារយោធា និងសព្វាវុធទំនើបៗ ដើម្បីឆ្លើយតបនឹងកំណើននៃទំហំថវិកាយោធា និងសកម្មភាពប្រកបដោយគ្រោះថ្នាក់របស់សហរដ្ឋអាម៉េរិក។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា មិនមែនទីក្រុងម៉ូស្គូទេ តែគឺជាទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកបានបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ តាមរយៈការដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធសំខាន់ៗ រួមមានសន្ធិសញ្ញាពាក់ព័ន្ធប្រភេទមីស៊ីល ដែលប្រឆាំងមីស៊ីលផ្លោងកាលពីឆ្នាំ២០០២ និងសន្ធិសញ្ញា INF ដែលដាក់កំហិតលើមីស៊ីលសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំនេះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner