វៀតណាមចំណេញជិត ២ពាន់លានដុល្លារ ពីការនាំចេញគ្រឿងសមុទ្រក្នុងត្រីមាសទី១ ឆ្នាំ២០២៤
ហាណូយ៖ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម ឈានដល់ទឹកប្រាក់ជិត ២ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើងចំនួន ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយអតិថិជនធំជាងគេ គឺសហរដ្ឋអាមេរិក ជប៉ុន និងចិន នេះបើយោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ថា (VASEP)។
ថ្វីបើមានទស្សនវិស័យរីកចម្រើនក៏ដោយ អ្នកនាំចេញក្នុងឧស្សាហកម្មអាហារសមុទ្រ នៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជាការផ្គត់ផ្គង់លើសតម្រូវការ ស្តុកកើនឡើងខ្ពស់ ប៉ុន្តែតម្លៃទាប នេះបើតាមការបញ្ជាក់ពីប្រធានសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) លោកស្រី Nguyen Thi Thu Sac។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងធានាបាននូវខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាពនោះ អ្នកផលិតអាហារសមុទ្របង្កកក្នុងស្រុកមួយ បានចាប់ដៃគូជាមួយ Tradewind Finance។
Tradewind Finance គឺជាក្រុមហ៊ុនហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ដែលផ្តល់នូវដំណោះស្រាយឥណទានពាណិជ្ជកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម។ លោក Dickson Au នាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមហ៊ុន Tradewind Hong Kong បានសម្តែងក្តីរំភើបរបស់គាត់ ចំពោះកិច្ចសហការនេះ ដោយនិយាយថា យើងមានកិត្តិយសក្នុងការនាំយកនូវជំនាញដ៏សម្បូរបែបរបស់យើង និងដំណោះស្រាយហិរញ្ញវត្ថុតាមតម្រូវការសម្រាប់អតិថិជនដែលកំពុងកើនឡើងជាលំដាប់នេះ។
ភាពជាដៃគូនេះលើសពីការផ្តល់មូលនិធិចំនួន ១.៥លានដុល្លារ ដោយសន្យាថា នឹងជួយអ្នកនាំចេញវៀតណាម ឈានឆ្ពោះទៅរកពាណិជ្ជកម្មពិភពលោកប្រកបដោយទំនុកចិត្ត និងភាពធន់ផ្នែកហិរញ្ញវត្ថុ។
ប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបាន ៩.៥ពាន់លានដុល្លារ ពីការនាំចេញអាហារសមុទ្រនៅឆ្នាំ២០២៤នេះ កើនលើសកាលពីឆ្នាំ២០២៣ ដែលមានចំនួនត្រឹម ៩ពាន់លានដុល្លារ។ ផលិតផលបង្គា និងបង្កង ត្រូវបានគេរំពឹងថា នឹងនៅតែជាអ្នករួមចំណែកសំខាន់ក្នុងកំណើននេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា