ក្រុមហ៊ុនមេរបស់ Tiktok ផ្តួល Alibaba ចំណេញ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
ប៉េកាំង៖ សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃពុធនេះថា ប្រាក់ចំណូលរបស់ ByteDance ដែលជាក្រុមហ៊ុនមេធំរបស់ TikTok បានកើនឡើងប្រហែល ៦០ភាគរយកាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance បានកើនឡើងពី ២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់ ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយបានផ្តួលគូប្រជែងក្រុមហ៊ុនអនឡាញធំៗរបស់ខ្លួន មានដូចជា Tencent និង Alibaba។ ការកើនឡើងប្រាក់ចំណូលជិតទ្វេដងនេះ ក៏ដោយសារតែ “TikTok Shop” ដែលបានជួយ ByteDance វាយលុកចូលទៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ ទាំងនៅសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

ព័ត៌មានកំណើនប្រាក់ចំណូលរបស់ ByteDance កើតឡើងបន្ទាប់ពីមានការលេចលឺថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិនមួយនេះ កំពុងប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន OpenAI ដើម្បីជួយបង្កើត AI chatbot ផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន ByteDance មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Business Insider ទេ កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ByteDance បានវាយលុកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូល ដែលមានតម្លៃខ្លួនថ្លៃបំផុតមួយនៅលើពិភពលោក រហូតដល់ ២២៥ពាន់លានដុល្លារ នេះបើយោងតាមក្រុមហ៊ុនឃ្លាំមើលទីផ្សារ CP Insights។ គិតមកទល់ពេលនេះ ក្រុមហ៊ុន ByteDance មានបុគ្គលិកច្រើនជាង ១៥០,០០០នាក់នៅក្នុងទីក្រុងជិត ១២០ នៅជុំវិញពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា